ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ បានស្នើសុំអោយសមត្ថកិច្ច បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ ។
ការស្នើសុំរបស់សមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើនេះធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ជាមួយគ្នានេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះវិស័យសុខាភិបាល នៅរាជធានីភ្នំពេញ ដែលបានគិតគូរនិង យកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ ។
ឆ្លើយតបទៅនឹងការស្នើឡើង របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក កើត ឆែ បានលើកឡើងថា ការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ សំដៅធ្វើយ៉ាងណា កាត់បន្ថយអោយបាន នូវគ្រោះថ្នាក់ចរាចរណ៍ ដោយបានពង្រឹងការអនុវត្តច្បាប់ ចរាចរណ៍ការផ្សព្វផ្សាយអោយប្រជាពលរដ្ឋ បានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍ ។
លោកអភិបាលរង បានគូសបញ្ជាក់ថា “គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥ទៅ៦នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។ ចំពោះមនុស្ស ៥ទៅ៦នាក់នេះ បើយើងគិតពីថ្លៃចិញ្ចឹម ថ្លៃសិក្សារៀនសូត្រនិងការអប់រំផ្សេងៗ តើយើងត្រូវខាតបង់ ថវិកានិងពេលវេលានៃការចិញ្ចឹមអស់ប៉ុណ្ណា ហើយមកស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍បែបនេះ ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានរិះរកអស់ គ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយអោយបាន នូវគ្រោះថ្នាក់ចរាចរណ៍នេះ ។ ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ លុះត្រាតែមានការចូល រួមទាំងអស់គ្នា” ។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៧ ក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើច្បាប់ ឈប់សម្រាករបស់ លោក ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានី ភ្នំពេញ ដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាចំនួន បីលើកជាប់គ្នា ។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារ សម្រាប់ដំណើរការកសាងផែនការ អភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) និងសេចក្តីព្រាងគោលការណ៍ណែនាំ ផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានីភ្នំពេញ ។
៥- ពិនិត្យនិងអនុម័តលើសេចក្តីព្រាង ការបែងចែកប្រាក់រង្វាន់លើទឹកចិត្ត របស់រដ្ឋបាលរាជធានីភ្នំពេញ ។
៦- ពិនិត្យពិភាក្សា និងផ្តល់យោបល់លើចម្លើយតបចំពោះសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌ ទាំង១៤ ក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋ នៅក្នុងវេទិកា របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤ នៅតាមខណ្ឌទាំង១៤ និង៧- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងឯកសារ ស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤ ៕