ព័ត៌មានជាតិ

១សប្តាហ៍ មន្ត្រីផ្តល់អត្តសញ្ញាណប័ណ្ណជាង ៩ពាន់សន្លឹក ជូនពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស

ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៩.៥៧០សន្លឹក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស ក្នុងរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ ត្រូវបានធ្វើឡើងយ៉ាងសកម្មជាប្រចាំថ្ងៃ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស។ ជាក់ស្តែង រយៈពេល ៧ថ្ងៃកន្លងទៅ មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេសបានប្រើប្រាស់វិធីសាស្រ្តអចល័ត និងតាមរថយន្តចល័តសម្រាប់ការផ្តល់សេវាអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋចំនួនជាង ៩ពាន់ស្លឹក ដែលបង្កលក្ខណៈងាយស្រួល និងឆាប់រហ័ស ដើម្បីប្រជាពលរដ្ឋយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។

ក្រៅពីការងារផ្តល់អត្តសញ្ញាណប័ណ្ណ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងបន្ថែមថា មួយសប្តាហ៍មកនេះ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃទូទាំងប្រទេស ចាប់ពីកម្រិតក្រសួងមហាផ្ទៃរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល តាមមូលដ្ឋានបានផ្តល់សេវាអត្តសញ្ញាណកម្មជាង ២ម៉ឺនទៀត ជូនប្រជាពលរដ្ឋជាប្រចាំប្រកបដោយភាពកក់ក្តៅ ក្នុងនោះ រួមមាន សេវាលិខិតឆ្លងដែនបានចំនួនសរុប ៥.៧៨៦លិខិត សៀវភៅស្នាក់នៅចំនួនសរុប ២.៣២៦ ក្បាលសៀវភៅគ្រួសារចំនួនសរុប ១.៨៥៧ ក្បាល និងលិខិតធ្វើដំណើរមានចំនួនសរុប ១.៤១១លិខិត។

ចំពោះការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់គោលការណ៍ណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ សំដៅជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេស ពិនិត្យលទ្ធភាពធ្វើអ្វីបន្ថែមទៀតលើសពីអ្វីដែលកំពុងធ្វើ ដើម្បីពង្រឹងគុណភាពផ្តល់សេវាជូនប្រជាពលរដ្ឋ។

សូមរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ លោក ស សុខា បានមានប្រសាសន៍ថា «តើយើងអាចធ្វើអីលើសពីហ្នឹងបន្ថែម ដើម្បីពង្រឹងគុណភាពផ្តល់សេវាកម្ម ១ ដែលមានទំនុកចិត្តពីប្រជាពលរដ្ឋ? ក្នុងនីតិកាលទី៧ នេះ ខ្ញុំចង់ដាក់គោលការណ៍ ១ គឺផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋពាក្យនេះអាចពិបាកនឹងធ្វើ តែបើយើងមានឆន្ទៈដូចគ្នា យើងអាចនឹងធ្វើបាន»៕

To Top