ភ្នំពេញ៖ លោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានអះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវបើកការដ្ឋានសាងសង់ នៅឆ្នាំ ២០២៥ ខាងមុខនេះ។ លោកប្រធានាធិបតី បានបញ្ជាក់បន្ថែមថា ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូប ភាពជាដៃគូ រវាងប្រទេសទាំងពីរ។
សូមរំលឹកថាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល ៦០ខែ។ គម្រោងនេះ ជាប្រភេទស្ពានខ្សែកាប (Two cable stayed bridges) មានប្រវែងនៃស្ពានសរុប ២៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ, ប្រវែងផ្លូវក្បាលស្ពានសរុប (Approach road) ១១៧៤ម៉ែត្រ (ទទឹងផ្លូវ ២២,៥ម៉ែត្រ)។ ខ្សែទី១នៃស្ពាន៖ ចាប់ពីមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាប ចូលទៅកាន់ជ្រោយចង្វារ និងខ្សែទី២នៃស្ពាន៖ ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គ ចូលទៅអរិយក្សត្រ។

នៅចំពោះមុខលោកប្រធានាធិបតីកូរ៉េ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា សម្ដេចរង់ចាំនូវវត្ត មាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ដែលជាស្ពានដ៏ធំបំផុតនិងវែងបំផុត នៅកម្ពុជា ។ ជាមួយគ្នានេះដែរសម្ដេចតេជោ ក៏បានថ្លែងនូវអំណរគុណ ចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភ គ្រប់សព្វបែបយ៉ាងទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាង ប្រទេសនិងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ហើយនៅក្នុងនេះដែរសាធារណរដ្ឋកូរ៉េ ក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។
នៅក្នុងជំនួបទ្វេភាគី ក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ រវាង សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ភាគីទាំងពីរ បានពិភាក្សាលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម ផងដែរ៕
