ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងលោក Phouvong Luangxaysana អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃប្រទេសឡាវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញ ចុះអនុស្សារណៈ យោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នា ពីការប្តេជ្ញាចិត្ត លើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុល ដោយប្លាស្ទិក នៅតាមដងទន្លេមេគង្គ។

ការចុះ MoU នេះ បានធ្វើឡើង នៅក្នុងឱកាសដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
បើតាម លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខារួមគ្នារវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ នៅពេលនេះ គឺធ្វើយ៉ាងពង្រីកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យកាន់តែធំបន្ថែមទៀត ហើយឈានឆ្ពោះ ទៅទន្លេមេគង្គមួយ ដែលគ្មានប្លាស្ទិក។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ៖ «នេះជាជំហានដំបូង និងជាគោលដៅរបស់កម្ពុជា និងឡាវ ផងដែរ»បន្ទាប់ពីកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានសសរស្តម្ភ៣ គឺភាពស្អាត បៃតង និងចីរភាព ហើយដែលកន្លងមក កម្ពុជា បានដាក់ចេញ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជំហានទី១ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានជោគជ័យ និងបានបន្តទៅជោគជ័យជំហានទី២ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលឆ្ពោះទៅភាពស្អាតទាំងនៅលើដែនគោក ដែនទឹក និងដែនអាកាស។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់ការចុះ MoU រវាងក្រសួង បរិស្ថានកម្ពុជា និងឡាវ នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាផ្នែកមួយចូលរួមទប់ស្កាត់ បទល្មើសបំផ្លាញធនធានឆ្លងដែនផងដែរ។ លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «នេះជាការប្តេជ្ញាចិត្ត ដ៏ធំទូលំទូលាយ មួយក្នុងវិស័យបរិស្ថាន ជារួម ប៉ុន្តែយើងធ្វើការ មួយជំហានម្តងៗនេះ គឺយើងធ្វើការប្រយុទ្ធប្រឆាំងលើការ បំពុលដោយប្លាស្ទិក ដែលកំពុងបំពុលដល់បរិស្ថាន នៅតាមដងទន្លេមេគង្គ តាមទីជនបទ និងតាមទីប្រជុំជននានា នៅក្នុងប្រទេសទាំងពីរជាដើម»៕
