ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ ជំរុញរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្តពង្រឹងគុណភាព នៃការតែងតាំងនាយកបឋមសិក្សា និងការជ្រើសរើសគ្រូកិច្ចសន្យា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បានថ្លែងជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពង្រឹងគុណភាពនៃការតែងតាំង នាយកសាលាបឋមសិក្សា និងការជ្រើសរើសគ្រូបង្រៀនកិច្ចសន្យា។

ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈការសម្របសម្រួលពី គ.ជ.អ.ប. បានផ្ទេរការទទួលខុសត្រូវ លើការគ្រប់គ្រងការងារ អប់រំកុមារតូច បឋមសិក្សា និងការងារអប់រំក្រៅប្រព័ន្ធ មកស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ការថ្លែងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ធ្វើឡើងក្នុងកិច្ចប្រជុំ លើកទី២៣ របស់ គ.ជ.អ.ប. នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.អ.ប, លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.អ.ប., លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក-លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ ក្រោមជាតិ និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីបានពិភាក្សាគ្នា ជាមួយអង្គប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប. សម្របសម្រួលជាមួយក្រសួង ស្ថាប័នជំនាញដើម្បីជំរុញ ប្រសិទ្ធភាពលើការងារ ផ្ដល់សេវានៅយន្តការ ច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់វិស័យ មិនសូវមានការចាប់អារម្មណ៍ស្នើសុំសេវា ដូចជាវិស័យុត្តិធម៌ជាដើម ដើម្បីពិនិត្យលទ្ធភាពបន្ថែមប្រភេទ សេវាចាំបាច់ផ្សេងទៀត បន្តពង្រឹងគុណភាព នៃប្រព័ន្ធទូទាត់ប្រាក់សេវា តាមបច្ចេកវិទ្យា និងបន្តពង្រឹងសមត្ថភាពមន្រ្តី តាមវិស័យនៅយន្តការ ច្រកចេញចូលតែមួយ។
លោកឧបនាយករដ្ឋមន្រ្តី ក៏ណែនាំឱ្យអភិបាលរាជធានី ខេត្ត ពិនិត្យឡើងវិញ រវាងសេវា ដែលមានស្រាប់ ធៀបនឹងតម្រូវការ ជាក់ស្ដែង នៃមូលដ្ឋានរៀងៗខ្លួន។

សូមរំលឹកថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. បង្កើតឡើង ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨។ គ.ជ.អ.ប មានគណនេយ្យភាពចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) ច្បាប់ស្ដីពីគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ និងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ គ.ជ.អ. ប គឺជាយន្តការអន្តរក្រសួងសម្រាប់ការ លើកកម្ពស់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ តាមរយៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងប្រទេសកម្ពុជា ៕

To Top