ព័ត៌មានជាតិ

ក្រសួងអប់រំ បដិសេធទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការកាត់ បៀវត្សគ្រូបង្រៀន ដើម្បីចូលរួមក្នុងគម្រោង អភិវឌ្ឍន៍ព្រំដែន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបដិសេធទាំងស្រុង និងថ្កោលទោស ចំពោះសកម្មភាពបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការកាត់បៀវត្ស របស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុង គម្រោងអភិវឌ្ឍន៍ តាមព្រំដែន ។

ប្រតិកម្ម​របស់​ក្រសួង​អប់រំ​ធ្វេីឡេីង​ បន្ទាប់ពី​ក្រុមជនអគតិ បានបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការកាត់បៀវត្ស របស់គ្រូ បង្រៀនដើម្បីចូលវិភាគទាន ទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរ យោបល់ពីគ្រូបង្រៀន។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងអប់រំ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា សូមបដិសេធទាំងស្រុង និងថ្កោលទោសចំពោះសកម្មភាព បំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ ក្នុងរូបភាពអាក្រក់ និង មើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្ត របស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជារបស់យើង»។

ក្រសួងអប់រំ មិនធ្លាប់ចេញ សេចក្តីណែនាំ ឬធ្វើការបង្ខិត បង្ខំណាមួយ ឱ្យបុគ្គលិកអប់រំ កាត់បៀវត្ស ដើម្បីចូលរួមក្នុង មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន នោះឡើយ ។ ក្រសួងសុំផ្ញើសារទៅ ជនលីលានោះ ឱ្យបានជ្រាបថា បៀវត្សរបស់បុគ្គលិកអប់រំ មិនអាចកាត់ដោយគ្មានការយល់ព្រមពីសាមីខ្លួន បានឡើយ ព្រោះបៀវត្សត្រូវផ្ទេរ ពីគណនីរបស់រតនាគារ ចូលទៅក្នុងគណនីជាបុគ្គល របស់បុគ្គលិកអប់រំតែម្តង។

ក្រសួង ក៏ថ្កោលទោស ចំពោះជនអគតិទាំងឡាយណា ដែលបានបង្កើតព័ត៌មានញុះញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរមាន សមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះជនអគតិទាំងនោះ។ ក្រសួង ថា «សូមបុគ្គលិក អប់រំ និងសាធារណជនទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព សង្គម ការអភិវឌ្ឍ និងសេចក្តីសុខរួម របស់ប្រជាជនកម្ពុជា នៅក្នុងទូទាំងប្រទេស»៕

To Top