កំពង់ចាម ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥១ គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
អំណោយមនុស្សធម៌នេះត្រូវបានផ្ដល់ជូនតាមរយៈ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម និងសហការី នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ នៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

បើតាម លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឲ្យដឹងថា ជនងាយរងគ្រោះទាំង ៥១គ្រួសារមកពីឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់ រួមមានចាស់ជរាគ្មានទីពឹង និងមានជម្ងឺ ៤៦ គ្រួសារ ព្រមទាំងស្ត្រីមេម៉ាយក្រលំបាក ៥គ្រួសារ ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្ត បានពាំនាំ នូវក្តីកង្វល់ និង បណ្តាំផ្ញើសួរសុខទុក្ខ ពី លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេស ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិ ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុតពីចម្ងាយផងដែរ។

ទន្ទឹមនឹងនោះ លោកប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយ សូមជូនពរ លោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពមាំមួន អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅទៀត។

លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ផងដែរថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺ បានមកដោយសារប្រទេសយើង មានសន្តិភាព ដូចនេះសន្តិភាព គឺមានតម្លៃធំធេងណាស់ សម្រាប់ប្រជាជនកម្ពុជា ផ្ទុយទៅវិញ ប្រសិនបើគ្មានសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិត ជារស់នៅ ពុំបានសុខសាន្ត នោះឡើយ ។ ដូច្នេះយើងទាំងអស់គ្នាប្តេជ្ញាបន្តខិតខំថែរក្សាការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយនវានុវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិថែមទៀត។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៥១ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ២៥ គ.ក្រ ទឹកត្រី ១យួរ មីជាតិ ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០ កំប៉ុង សាប៊ូ ៤ដុំ ឃីត ១កញ្ចប់ និងថវិកា ៥០,០០០ រៀល ៕
