ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ នឹងបញ្ចៀសចរាចរ​ បណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia ជាពិសេសជុំវិញវិមានឯករាជ្យ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥-ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៤ នៅទីធ្លាបរិវេណសួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) ក្នុងភូមិសាស្ត្រខណ្ឌចំការមន និងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង និងវិស័យឯកជននានា នឹងរៀបចំព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia ក្រោមប្រធានបទ “GumBall 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីធ្លាបរិវេណ សួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) ក្នុងភូមិសាស្ត្រខណ្ឌចំការមន និងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ បញ្ចៀសចរាចរជាបណ្តោះអាសន្នដូចខាងក្រោម៖

១-នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
-ចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់វេលាម៉ោង ១៦:០០នាទី មានការតាំងបង្ហាញក្បួនរថយន្ត មហាជនគាំទ្រក្នុងស្រុកប្រមាណ ៣០០គ្រឿង នៅជុំវិញវិមានឯករាជ្យ ដោយមិនអនុញ្ញាតឱ្យយានយន្ត គ្រប់ប្រភេទធ្វើដំណើរជុំវិញវិមានឯករាជ្យ រយៈពេល ០២ម៉ោង ជាបណ្តោះអាសន្ន។
-ចាប់ពីវេលាម៉ោង ១៧:៣០នាទី រហូតដល់ម៉ោង ២០:៣០នាទី មានការតាំងបង្ហាញក្បួនរថយន្ត គណៈប្រតិភូ Gumball 3000 និងរថយន្តមហាជនគាំទ្រក្នុងស្រុក ជុំវិញរង្វង់មូលវិមានឯករាជ្យ លើកំណាត់មហាវិថីព្រះសីហនុ កំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបនាគបាញ់ទឹក រហូតដល់មហាវិថីសម្តេចសុធារស កែងវិថីឧកញ៉ា ឈុន)។
-ចាប់ពីវេលាម៉ោង ២០:៣០នាទី រហូតដល់វេលាម៉ោង ២៤:០០នាទី មានការរៀបចំប្រគំតន្ត្រីជាតិ -អន្តរជាតិ នៅសួនច្បារមុខវត្តបទុមវតី និងតាំងបង្ហាញក្បួនរថយន្ត តាមកំណាត់មហាវិថីព្រះសីហនុ កំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់ មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបនាគបាញ់ទឹក រហូតដល់មហាវិថីសម្តេចសុធារស កែងវិថី ឧកញ៉ា ឈុន)។
-ចាប់ពីវេលាម៉ោង ២៤:០០នាទី រថយន្តរបស់គណៈប្រតិភូ GumBall 3000 ចំនួន ១០១គ្រឿង ធ្វើដំណើរចេញពីទីតាំងប្រគំតន្ត្រីនៅសួនច្បារមុខវត្តបទុមវតី ទៅចតនៅមុខសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លើកំណាត់ផ្លូវលេខ១៧៨ (ចាប់ពីវិថីព្រះអង្គយុគន្ធរ រហូតដល់វិថីព្រះអង្គអេង)។

២- នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
-នៅវេលាម៉ោង ០៥:០០នាទីព្រឹក រថយន្តមហាជនគាំទ្រក្នុងស្រុកប្រមាណ ៣០០គ្រឿង ធ្វើដំណើរ ចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដោយចេញដំណើរពីទីធ្លាមុខសាលមហោស្រពកោះពេជ្រ ឆ្លងកាត់ស្ពាននាគ ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត បត់ស្តាំទៅតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលដើមពោធិ៍ បត់ឆ្វេងតាមវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់រង្វង់មូលវត្តភ្នំ បត់ស្តាំ តាមវិថីបារាំង (ផ្លូវលេខ៤៧) ឆ្ពោះទៅសួនច្បាររង្វង់មូលកាំភ្លើងកួចកាណុង បត់ស្តាំឡើងទៅស្ពានមិត្ត ភាពកម្ពុជា-ជប៉ុន រហូតដល់រង្វង់មូលព្រហ្មបាយ័ន ឆ្ពោះទៅផ្លូវជាតិលេខ៦។
-ចាប់ពីវេលាម៉ោង ០៨:០០នាទី ដល់វេលាម៉ោង ១០:០០នាទី រថយន្តគណៈប្រតិភូ GumBall 3000 ចំនួន ១០១គ្រឿង ធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដោយចេញដំណើរពី សណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី ភ្នំពេញ តាមផ្លូវលេខ១៧៨ ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំតាម បណ្តោយមហាវិថីព្រះនរោត្តម ឆ្ពោះទៅរង្វង់មូលវត្តភ្នំ បន្តទៅវិថីបារាំង (ផ្លូវលេខ៤៧) ឆ្ពោះទៅសួនច្បារ រង្វង់មូលកាំភ្លើងកួចកាណុង បត់ស្តាំឡើងទៅស្ពានមិត្តភាពកម្ពុជា-ជប៉ុន រហូតដល់រង្វង់មូលព្រហ្មបាយ័ន ឆ្ពោះទៅផ្លូវជាតិលេខ៦៕

To Top