ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន ដឹកនាំពលរដ្ឋប្រមាណ ២០០នាក់ ធ្វើដំណើរកម្សាន្តទៅតាមខេត្តភាគឦសាន លើកទី២

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំពលរដ្ឋ ប្រមាណ២០០នាក់ ចេញដំណើរពីរាជធានីភ្នំពេញ តាមរថយន្តក្រុង ចំនួន១៣គ្រឿង ឆ្ពោះទៅកាន់ខេត្តមួយចំនួន នៅប៉ែកឦសាន ដើម្បីពិនិត្យស្ថានភាពពិត នៃសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើននិងជាបន្តបន្ទាប់ នៅតំបន់ទាំងនេះ ។

ដំណើរទស្សនកិច្ចប៉ែកឦសាន៖ អ្នកចូលរួមសរុបចំនួនប្រមាណ២០០នាក់ បានធ្វើដំណើរតាមរថយន្តចំនួន១៣គ្រឿង ចេញពីរាជធានីភ្នំពេញនៅម៉ោង ៥ព្រឹក ថ្ងៃសៅរ៍ទី១៤កញ្ញានេះ ក្នុងតម្រាយផ្លូវដែលបានកំណត់រួចគឺ៖ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។

ដំណើរទស្សនកិច្ចជើងទីពីរនេះ បានអញ្ជើញទៅដល់ទីតាំងទី១ នៅវេលាម៉ោង៨៖៣០នាទីព្រឹក គឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម​ នៅក្នុងតំបន់ភូមិសាស្ត្រនេះ ក៏ដូចជាស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើននិងជាបន្តបន្ទាប់។

ផ្ទាំងពាណិជ្ជកម្ម

ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មាន ពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរ ទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀត ដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់ មកកាន់រាជធានីភ្នំពេញវិញ នាល្ងាចនៃសៅរ៍ដដែលនេះ។

សូមរំលឹកជូនថា ទស្សនកិច្ចប្រភេទនេះ ជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់ហើយៗបាន បើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មាន សម្រាប់ការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

To Top