ភ្នំពេញ៖ ក្នុងរយៈពេល ៣១ថ្ងៃ នៃខែសីហា ឆ្នាំ២០២៤នេះ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបដល់ទៅ ៤៥៤ ៦៧០សេវា។ នេះបើតាម បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការផ្ដល់សេវាជូនប្រជាពលរដ្ឋនេះ ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងដោយមានការទទួលខុសត្រូវដឹកនាំសម្របសម្រួលដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមសេវាដែលបានផ្ដល់ជូនពលរដ្ឋជាង ៤៥ម៉ឺនសេវានោះ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់សេវារដ្ឋបាលសរុបចំនួន ៧៩ ២៨២សេវា ក្នុងនោះសេវាផ្ដល់ជូនច្រើនជាងគេក្នុងចំណោម ១៤វិស័យ គឺសេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានរហូតដល់ទៅ ១៧ ៩៣០សេវា ខណៈសេវាមានការស្នើសុំតិចជាងគេ គឺសេវាក្នុងវិស័យពាណិជ្ជកម្ម ដែលមានត្រឹមតែ ២សេវា។ ដោយឡែកចំណូលដែលទទួលបានពីការផ្ដល់សេវាតាមបណ្ដាអង្គភាពច្រកចេញចូល រាជធានី ខេត្ត នេះ មានសរុបចំនួន ១២ ៣៧២ ២១៦ ១៣៥រៀល ស្មើនឹងប្រមាណ ៣លានដុល្លារអាម៉េរិក។
ចំណែកការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌវិញ ក្នុងខែសីហាដូចគ្នា លោកបណ្ឌិត ទូច សុឃៈ បានបន្តឱ្យដឹងថា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ៣៧៥ ៣៨៨សេវា ក្នុងនោះសេវាការងារអត្រានុកូលដ្ឋានបានផ្ដល់ជូនច្រើនជាងគេ បើធៀបនឹងសេវាក្នុងវិស័យទាំង១៧ គឺមានរហូតដល់ទៅ ២២៨ ៥១៦សេវា ខណៈសេវាដែលមានការស្នើសុំតិចជាងគេ គឺសេវាវិស័យបរិស្ថានមានចំនួន ២សេវា និងសេវាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនទទួលបានការស្នើសុំតែម្ដង។ ទន្ទឹមនឹងនេះ ក្នុងខែសីហា ការផ្ដល់សេវាសរុបតាមការិយាល័យច្រកចេញចូលតែមួយ ទទួលចំណូលចំនួន ៨៦៨ ៧១៣ ៤៦០រៀល ស្មើនឹងប្រមាណជាង ២១ម៉ឺនដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា សេវាដែលអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បាននឹងកំពុងផ្ដល់ជូនប្រជាពលរដ្ឋទាំង ១៤វិស័យ រួមមាន ១-ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង) ២-ការងាររដ្ឋបាល ៣-វិស័យសុខាភិបាល ៤-វិស័យទេសចរណ៍ ៥-វិស័យសាធារណការ និងដឹកជញ្ជូន ៦-វិស័យវប្បធម៌ និងវិចិត្រសិល្បះ ៧-វិស័យព័ត៌មាន ៨-វិស័យបរិស្ថាន ៩-វិស័យឧស្សាហកម្ម និងសិប្បកម្ម ១០-វិស័យរ៉ែ និងថាមពល ១១-វិស័យពាណិជ្ជកម្ម ១២-វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣-វិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង១៤-វិស័យការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ។
ដោយឡែក សម្រាប់សេវាដែលការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បាននឹងកំពុងផ្តល់ជូនប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧ រួមមាន៖ ១-វិស័យទេសចរណ៍ ២-វិស័យវប្បធម៌ ៣-វិស័យពាណិជ្ជកម្ម ៤-វិស័យសាធារណការ ៥-វិស័យឧស្សាហកម្ម ៦-វិស័យសំណង់ ៧-វិស័យកសិកម្ម ៨-វិស័យសុខាភិបាល ៩-វិស័យអប់រំ ១០-វិស័យរ៉ែនិងថាមពល ១១-វិស័យបរិស្ថាន ១២-វិស័យការងារ ១៣-វិស័យធម្មការនិងសាសនា ១៤-ការងារអត្រានុកូលដ្ឋាន ១៥-ការងារនីត្យានុកូលកម្ម ១៦-ការងាររដ្ឋបាល និងទី១៧-ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕