ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា បង្គោលព្រំដែនដែលរងគ្រោះ ដោយទឹកទន្លេហូច្រោះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងធនធានទឹក ធ្វើការពង្រឹងជើងទម្រ យ៉ាងរឹងមាំ។
នៅលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក គួច ចំរើន បានបង្ហោះរូបថតបង្គោលព្រំដែនជាច្រើនសន្លឹកដោយភ្ជាប់នូវខ្លឹមសារថា «ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិត ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក គឺស្នេហាជាតិរវើរវាយ»។
លោកអភិបាល បញ្ជាក់ថា «បង្គោលព្រំដែនដែលរងគ្រោះ ដោយទឹកទន្លេហូច្រោះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចអោយក្រសួងធនធានទឹក ធ្វើការពង្រឹងជើងទម្រ យ៉ាងរឹងមាំរួចរាលហើយ អ្នកស្រលាញ់ទឹកដី គួរលើកទឹកចិត្តអ្នកធ្វើដើម្បីជាតិ យើងដោយពិតប្រាកដ»។
ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានអំពាវនាវ ដល់អ្នកគាំទ្រ វត្តបាក់ណាម ទៅកាន់បិណ្ឌជាមួយលោក នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ក្នុងបរិវេណវត្តដោយផ្ទាល់ ទាងអស់គ្នា ៕