ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំង សហការីនៅថ្ងៃទី១៤ ខែកញ្ញា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៨ ប្រមាណ ៣០០នាក់ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។



នៅក្នុងឱកាសចុះ ជួបសួរសុខទុក្ខ និងសំណេះសំណាលនោះ លោកបណ្ឌិត កៅ ថាច ក៏បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៨ និងបងប្អូនពលទាហានទាំងអស់ដែលបាន ខិតខំការពារបូរណភាពទឹកដីកម្ពុជាមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ។



នៅក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រតិភូ និងសហការី ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មីប្រេងឆា ឆាយប៉ូវ អន្សមជ្រូក អន្សមចេក និងថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ ៨ ចំណុះកងពលធំអន្តរាគមន៍លេខ ៣ តំបន់ប្រាសាទព្រះវិហារ ។


បន្ទាប់ពីសំណេះសំណាលនិងសួរសុខ ទុក្ខរួចមក លោកបណ្ឌិត កៅ ថាច ព្រមទាំង គណៈប្រតិភូអមដំណើរ បានអញ្ជើញទៅសួរសុខទុក្ខដល់បងប្អូនយុទ្ធជន ដែលកំពុងឈរជើងនៅខ្សែបន្ទាត់ព្រំដែនក្នុងកងវរ:សេនាតូចទាំង ៥ ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ៨ ផងដែរ៕
