ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និង ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅសង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប សរុបចំនួន ៩.២២៤ ករណី ស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រុនតាឯក ដោយមានការចូលរួមផងដែរ ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងយុវជន អ.ម.ត, ស.ស.យ.ក, កាយរិទ្ធនារីកម្ពុជា, កាកបាទក្រហមកម្ពុជាជាដើម ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ជាក់ស្ដែង ខណៈនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ បានពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់រុនតាឯក រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត , ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្ត ក្នុងករណីមានជំងឺធ្ងន់ធ្ងរមានចំនួន ៥៨នាក់។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ ដោយមិនមានការបង់ថ្លៃទ្បើយ ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយគិតថ្លៃនាឱកាសនេះ សរុបមានចំនួន ៩២២៤ ករណី។ ក្នុងនោះករណីឈឺធ្ងន់ធ្ងរ ត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន ៥៨នាក់។ រាល់ការចំណាយទាំងអស់ ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភគាំទ្រ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិត ក៏បានចែកជូនកាបូបស្ពាយ ដល់សិស្សានុសិស្សមួយចំនួនផងដែរ ៕










