ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាការធ្វើនវានុវត្តន៍ការផ្តល់សេវាសុខភាព របស់មន្ទីរពេទ្យកាល់ម៉ែត ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងគោលនយោបាយ អាទិភាពជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ។

អគារទាំង៣ ដែលត្រូវសាងសង់បន្ថែមរួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និង អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។ អគារទាំង៣នេះ នឹងត្រូវសាងសង់ ដោយប្រើប្រាស់ថវិកានៅសល់ ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ និងថវិកាដែលសម្តេចតេជោ បានអំពាវនាវដល់សប្បុរសជននានា ឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក “បរិច្ចាគដើម្បីជីវិតមនុស្ស” រួមនឹងថវិកាស្វយ័តសន្សំ រំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។ គម្រោងសាងសង់នេះគ្រោងចំណាយថវិកា សរុបចំនួន ៦២ ៤១៥ ៦០០ដុល្លារ៕

