ព័ត៌មានជាតិ

សម្ដេចធិបតី ៖ គ្រូពេទ្យ ត្រូវរក្សាទំនាក់ទំនង តាមរយៈឥរិយាបថប្រកបដោយក្រមសីលធម៌ ជាមួយអ្នកជំងឺ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រុមគ្រូពេទ្យទាំងអស់ ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬគ្រួសារអ្នកជំងឺ ជាដើម។

ក្នុងពិធីបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើទំនើបកម្ម និង បរិវត្តកម្ម, ការផ្តល់សេវាថែទាំសុខភាព នៅមន្ទីរពេទ្យ កាល់ម៉ែត គឺជាការបោះជំហានទៅមុខ នៃបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា ដើម្បីឈានទៅដល់ កម្រិតមួយ ដែលការអនុវត្តក្នុងផ្នែកវេជ្ជសាស្ត្រ មានភាពជាក់លាក់ អាចឆ្លើយតបទៅនឹង លក្ខខណ្ឌជំងឺរបស់បុគ្គលម្នាក់ៗ (Precision Medicine and Personalized Medicine)។

សម្ដេចធិបតី បន្ដថា ដូច្នេះក្រសួង សុខាភិបាល ត្រូវយកការធ្វើទំនើបកម្ម និង បរិវត្តកម្មនេះ ធ្វើជាឧត្តមានុវត្តន៍ សម្រាប់ការលើកកម្ពស់ការផ្តល់ សេវាថែទាំសុខភាព, នៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យ ខេត្តមួយចំនួនផ្សេងទៀត ព្រមទាំងមន្ទីរពេទ្យតំបន់ ដែលរាជរដ្ឋាភិបាលគ្រោង នឹងបង្កើតឡើងក្នុងពេលខាងមុខនេះ ។

សម្ដេចធិបតី ណែនាំ​ឱ្យ​បង្កើន សកម្មភាពផ្ដល់ការអប់រំ, ការបង្ការ និង ការថែទាំសុខភាពដល់ប្រជាជន, គ្រួសារ និងសហគមន៍ សំដៅលើកកម្ពស់ការអនុវត្តរបៀប រស់នៅប្រកបដោយសុខភាព ក៏ដូចជា ការធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការស្វែងរក និងការប្រើប្រាស់សេវា ថែទាំសុខភាព រាល់ពេលមានបញ្ហាសុខភាព នៅក្នុងមូលដ្ឋានសុខាភិបាលដែលនៅជិតលំនៅឋាន និង ពីអ្នកផ្តល់សេវាសុខាភិបាល ដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានសមត្ថភាពពិតប្រាកដ។

សម្ដេចធិបតី មានប្រសាសន៍ថា «គ្រូពេទ្យ, បុគ្គលិកបច្ចេកទេស និងបុគ្គលិកសុខាភិបាល, ទាំងក្នុងវិស័យសាធារណៈ និង ឯកជន, ត្រូវបង្កើនការយកចិត្ត ទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្ត នៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ដែលអ្នកជំងឺ, គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់ ។ លើសពីនេះ ត្រូវកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបទប្រកប ដោយក្រមសីលធម៌វិជ្ជជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្ត អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល ព្រមទាំងការផ្តល់ចំណេះដឹង និង បទពិសោធអំពីការបង្ករបឋម, ការព្យាបាល, ការបង្ការ,ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និង ការថែទាំអ្នកជំងឺជាដើម»៕

To Top