ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រារព្ធពិធីអបអរសាទរទិវាអូហ្សូនអន្តរជាតិ ១៦ កញ្ញា ២០២៤ ក្រោមប្រធានបទ «ខួបទី៣៧ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ» “Montreal Protocol: Advancing Climate Action” នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីអបអរសាទរសមិទ្ធផលនៃពិធីសារម៉ុងរ៉េអាល់ និងបន្តចូលរួមការពារបរិយាកាស និង ស្រទាប់ អូហ្សូនសំដៅចូលរួមចំណែកដល់ការថែរក្សាស្រទាប់អូហ្សូន និងកាត់បន្ថយ ការប្រែប្រួលអាកាសធាតុតាមរយៈ ការបំផុសស្មារតីប្រជាជន សិស្សានុសិស្ស និស្សិតឱ្យមានការយល់ដឹង និងស្រលាញ់បរិស្ថាន នៃភពផែនដី។
ក្នុងសារលិខិតចូលរួមអបអរសាទរទិវាអូហ្សូនពិភពលោកនៅក្នុងថ្ងៃនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានសារជូនថា ស្រទាប់អូហ្សូនត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ពៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូកាបួន (CFC) និងសារធាតុហាយជ្រុំក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ សារធាតុទាំងនោះ ក៏មានសក្តានុពលធ្វើឱ្យ កើនកម្ដៅផែនដីខ្ពស់ផងដែរ។
លោករដ្ឋមន្ដ្រី បន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ របស់ ប្រជាជាតិជាច្រើនលើសកលលោក រហូតមកដល់បច្ចុប្បន្ននេះ យើងបានកាត់បន្ថយ និងឈានទៅលុប បំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន ដើម្បីទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន ដែលជាការគំរាម កំហែងដ៏ធំបំផុត ចំពោះមនុស្សជាតិ ។ ជាក់ស្តែង ក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្នា កាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ១៣៥ពាន់លានតោន ក្រោមការអនុវត្ត ពិធីសារម៉ុងរ៉េអាល់។ ជាលទ្ធផល ចាប់ពីឆ្នាំ២០០០មក ស្រទាប់អូហ្សូនបានផ្ចិតឡើងវិញ ក្នុងអត្រា ប្រមាណពី១-៣%ក្នុងមួយឆ្នាំ និងបានជួយបន្ថយការឡើងកម្ដៅផែនដីផងដែរ។
អនុសញ្ញាទីក្រុងវីយ៉េន និងពិធីសារម៉ុងរ៉េអាល់ ត្រូវបានសាទរយ៉ាងខ្លាំងជាអនុសញ្ញា និងពិធីសារដែលទទួលបានការ ផ្តល់សច្ចាប័ន ជាសកលនិងជោគជ័យបំផុត ក្នុងការកាត់បន្ថយ និងលុបបំបាត់សារធាតុ បំផ្លាញស្រទាប់អូហ្សូននិងសារធាតុត្រជាក់ ធៀបជាមួយនឹងអនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងពហុភាគី ផ្សេងទៀត ។ តាមរយៈអនុសញ្ញានិងពិធីសារនេះ ប្រទេសទាំងអស់នៅលើពិភពលោករួមគ្នា យ៉ាងសកម្ម ក្នុងការលុបបំបាត់សារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងបានដាក់ស្រទាប់អូហ្សូននៅលើផ្លូវឆ្ពោះទៅរកការស្តារ ឡើងវិញ ដើម្បីការពារជីវិតទាំងអស់ នៅលើផែនដី ។
សូមបញ្ជាក់ថា ដើម្បីប្រារព្ធ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ដែលជាខួបលើកទី៣៩ នៃ «អនុសញ្ញា ទីក្រុងវីយ៉េន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន” ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៧ នៃ «ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន» ឆ្នាំ១៩៨៧។ ចាប់តាំងពីឆ្នាំ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូននៃ អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើត ពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់ សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ ដែលយើងរួមគ្នាសម្រេច បានសំដៅឆ្ពោះ ទៅការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី៕