កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា បញ្ហាគ្រោះ ថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមដែលប្រការនេះ ទាមទារឱ្យមានការដាក់ចេញនូវ វិធានការចាំបាច់នានា ដើម្បីចូលរួម ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ ពោលគឺត្រូវជំរុញ ឱ្យមានការខិតខំរួមគ្នា ក្រោមវិធានការនៃការអប់រំ ការផ្សព្វផ្សាយ ការណែនាំ និងវិធានការរិតបន្ដឹងច្បាប់ចរាចរផងដែរ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ពាក់ព័ន្ធនឹង បញ្ហាគ្រោះថ្នាក់ចរាចរ ក្នុងខែសីហាកន្លងមកនេះ មានការកើតឡើងច្រើនរហូតដល់ ១៥ករណី លើ ៦ករណី បើប្រៀបធៀបទៅនឹងខែកក្កដា កើនឡើងចំនួន ៩ករណី ដែលបណ្ដាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតកើនឡើងរហូតដល់ ១៣នាក់ លើ៩នាក់ និងអ្នករងរបួសមានចំនួន ១៥នាក់ ។ ដូច្នេះនៅខណៈពេលភ្ជុំបិណ្ឌខាងមុខនេះ មានប្រជាពលរដ្ឋ ធ្វើដំណើរនៅតាមដងផ្លូវច្រើន ធ្វើយ៉ាងណាត្រូវតែមាន វិធានការ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ កុំឱ្យមានការកើនឡើងបន្តទៀត ។

លោកអភិបាលខេត្ត បានបន្តថា ពាក់ពន្ធ័នឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងខែសីហាកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន ៣លើក បើប្រៀបធៀបនឹងខែកក្កដា ថយចុះចំនួន ១លើក ។ ពាក់ពន្ធ័នឹងបទល្មើសគ្រឿងញៀន សមត្ថកិច្ច បង្ក្រាបបាន ចំនួន ២៣ករណី លើ១៩ករណី គឺការងារបង្ក្រាបមានការកើនឡើងចំនួន ៧ករណី ក្នុង នោះមានការបង្ក្រាប ១ ករណីនៅស្រុកបាធាយ ដែលសមត្ថកិច្ចរឹបអូស បាននូវសារធាតុញៀនចំនួន ២គីឡូក្រាម រួមនឹងជនសង្ស័យ បញ្ជូនទៅតុលាការ ដោយមុខសញ្ញាធំនៅខេត្តផ្សេង កិច្ចការនេះទាមទារឱ្យ មានការចូលរួមសហការ ដើម្បីធ្វើការស្រាវជ្រាវបង្ក្រាបបន្តទៀត ៕

