ភ្នំពេញ ៖ នាល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅមុខប្រាសាទ បាយ័ន នៃខេត្តសៀមរាប ខណៈកម្ពុជា ស្វាគមន៍គណៈប្រតិភូ Gumball 3000 បានអញ្ជើញ មកកម្ពុជា បង្កើតប្រវត្តិសាស្ត្រថ្មីលើទឹកដីបេតិកភណ្ឌពិភពលោក។

នាឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គណៈប្រតិភូ Gumball 3000 តាមរយៈលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 Group សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធ ដែលបានជ្រើសរើសប្រទេសកម្ពុជាជាគោលដៅក្នុងរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្តដ៏ធំនេះ។ ពិសេសជាងនេះ ព្រឹត្តិការណ៍នេះគ្រោង នឹងបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្ត ទំនើបច្រើនជាង គេបំផុត លើពិភពលោក» ក្នុងតំបន់បេតិកភណ្ឌ ដែលក្លាយជាឱកាសប្រវត្តិសាស្ត្រថ្មី សម្រាប់ប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី បន្ដថា ឆ្នាំ២០២៤នេះ ក៏ជាឆ្នាំទស្សនាសៀមរាប ដែលស្របពេលកម្ពុជា កំពុងពង្រឹងទំនាក់ទំនង ជាមួយដៃគូសំខាន់ៗ តាមរយៈការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម ។ គំនិតផ្តួចផ្តើមទាំងនេះ និងព្រឹត្តិការណ៍ Gumball 3000 បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់កម្ពុជា ក្នុងការពង្រីកទំនាក់ទំនង ទេសចរណ៍ និងវប្បធម៌ជាមួយដៃគូ ពិភពលោក និងការលើកកម្ពស់បទពិសោធន៍រួមគ្នា ។

លោកឧបនាយករដ្ឋមន្រ្តី លើកទឹកចិត្តដល់ភាគី ពាក់ព័ន្ធទាំងអស់ ប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសហគមន៍ធុរកិច្ចអន្តរជាតិ ធ្វើការរួមគ្នា ក្នុងការចាប់យក ឱកាសក្នុងព្រឹត្តិការណ៍ Gumball 3000 ដើម្បីធ្វើឱ្យបទពិសោធន៍ របស់អ្នកទស្សនា គ្រប់រូបនៅក្នុងប្រទេសកម្ពុជា មិនអាចបំភ្លេចបាន និងធានាថា «ពួកគេត្រឡប់មកកម្ពុជាវិញ ម្តងហើយម្តងទៀត»៕



