ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ អំពាវនាវ ឱ្យអាជ្ញាធរ បន្តការពារសន្តិសុខ ស្របពេលអាមេរិក តែងតែកើតមាន អំពើបាញ់ប្រហារ ដោយសារភាពជ្រុល និយមខាងនយោបាយ

កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានអំពាវនាវ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទី ធានាការពារសន្តិសុខ ក្នុងសង្គម នៅកម្ពុជា ពីព្រោះជាក់ស្ដែងណាស់ អាមេរិក តែងតែកើតមានអំពើ បាញ់ប្រហារឃោរឃៅ មានទាំងការប៉ុនប៉ង់ សម្លាប់អតីត ប្រធានាធិបតី លោក ដូណាល់ត្រាំ ដោយសារតែភាពជ្រុលនិយមខាងនយោបាយ ។
លោក​ ស​ សុខា​ លេីកឡេីងបែបនេះ​ បន្ទាប់ពីមានករណីប៉ុនប៉ងធ្វើឃាតលើលោក ត្រាំ នៅឯទីលានវាយកូនហ្គោលមួយកន្លែង ក្នុងរដ្ឋ Florida កាលពីថ្ងៃអាទិត្យ​ ខណៈ ២ខែមុន លោក ត្រាំ ក៏ត្រូវបានគេលួចឃាត ដោយត្រូវរបួសត្រចៀក។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចំនួន៤ នៅបណ្ឌិតសភានគរបាលកម្ពុជា ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា ក្រុមប្រឆាំងជ្រុលនិយម បានប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកមកហើយ ប៉ុន្តែបានបរាជ័យ ដោយសារកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្ក្រាបប្រកបដោយការទទួលខុសត្រូវ របស់សមត្ថកិច្ច និងការចូលរួមការពារសុខសន្តិភាព យ៉ាងច្រើនលើសលុប ពីប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ង បង្កអសន្តិសុខ ដើម្បីធ្វើជាឈ្នាន់ប្រជែង អំណាច តាមវិធីក្រៅច្បាប់ របស់ក្រុមជ្រុលនិយម ។

ភ្ជាប់នឹងការងារសន្តិសុខនេះដដែល លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត និងបានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានា ការពារសន្តិសុខក្នុងសង្គម ពីព្រោះជាក់ស្ដែង ណាស់ សហរដ្ឋអាមេរិក តែងតែកើតមានអំពើបាញ់ប្រហារ ឃោរឃៅ រហូតថ្មីៗនេះ មានទាំងការប៉ុនប៉ង់សម្លាប់អតីតប្រធានាធិបតី និងក៏ជាបេក្ខជន ប្រធានាធិបតី ដោយសារតែភាពជ្រុលនិយមខាងនយោបាយ ។

ដោយឡែក ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការ គាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រង់មុំធនធានមនុស្ស នេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងថា សព្វថ្ងៃ មានមន្រ្តីនគរបាលកម្ពុជា៨រូប កំពុងសិក្សានៅប្រទេសតួកគី ដែលចំនួននេះនឹងកើនឡើងទ្វេដងនៅឆ្នាំបន្ទាប់ ប្រសិនបើនគរបាលទាំងនោះសិក្សាបានលទ្ធផលល្អ ជាពិសេសមានការគោរពវិន័យបានត្រឹមត្រូវ៕

To Top