កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានដោះស្រាយភ្លាមៗ នូវសំណើ និងសំណូមពរ ពលរដ្ឋ ២០ករណី ក្នុងវេទិកាសាធារណៈ ធ្វើនៅបរិវេណវត្ត ខេមវន្តបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២៤ នេះ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងតំណាងប្រជាពលរដ្ឋ សរុបប្រមាណជាង ១០០នាក់ ។
លោក អ៊ុន ចាន់ បានមានប្រសាសន៍ថា វេទិការនេះ ធ្វើឡើង ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងការអនុវត្តការងារ រយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ បស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពប្រសើរឡើង ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បី ឆ្លុះបញ្ចាំង នូវការដាក់ចេញនូវគោលនយោបាយនេះ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ត្រឡប់មកវិញ ថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋ ទទួលបានពីគោលនយោបាយនោះបានកម្រិតណា? ។ ដូច្នេះ ដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ ។
ក្រៅពីនោះ រដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋាភិបាល បានផ្ដោតសំខាន់ ទៅលើការងារពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសង្គម ដែលផ្ដោតសំខាន់ទៅលើការងារ ដែលបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕