ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានស្នើឱ្យសហគមន៍អឺរ៉ុប បញ្ជូនប្រតិភូទៅចូលរួមឱ្យបានច្រើន នៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ការស្នើរបស់ទេសរដ្ឋមន្ត្រី លី ធុជ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Stefan TRESSING អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និងការត្រួតពិនិត្យការនាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណចំពោះសហគមន៍អ៊ឺរ៉ុប សម្រាប់ការផ្តល់នូវជំនួយផ្នែកបោសសម្អាតមីនជាសកល ទៅបណ្តារប្រទេសនានាដែលមានបញ្ហាមីន និងបានធ្វើបច្ចុប្បន្នភាពពីដំណើការដោះស្រាយ បញ្ហានានាពាក់ព័ន្ធនឹងសន្ធិសញ្ញាអូតាវ៉ា បានស្នើឱ្យសហគមន៍អ៊ឺរ៉ុប ជួយជម្រុញធ្វើសាកលភាវូបនីយកម្ម ជាមួយបណ្តារប្រទេសដែលសហគមន៍អ៊ឺរ៉ុប មានទំនាក់ទំនង ដូចជា បារ៉េន ឡាវ វៀតណាម លីបង់ ម៉ុងហ្គោលី នេប៉ាល់ អាស៊ែបៃហ្សង់ អាមេនី ហ្សកហ្ស៊ី ប្រទេសកោះប៉ាស៊ីហ្វិក កាហ្សាក់ស្ថាន និងសឹង្ហបុរី។

លោក Stefan TRESSING បានអបអរសាទរកម្ពុជា ក្នុងនាមជាប្រធាននៃអនុសញ្ញា ដែលបានបំពេញការងារដោយសកម្មនូវគ្រប់ទម្រង់ ទាំងការដោះស្រាយបញ្ហាដែលកើតមានឡើង របស់សមាជិកនៃអនុសញ្ញា ទាំងការធ្វើសាកលភាវូបនីយកម្ម។

លោក Stefan បានលើកទឹកចិត្តដល់កម្ពុជា ក្នុងការបំពេញការងារជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បានសន្យាផ្តល់នូវកិច្ចសហការ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយត្រៀមចូលរួមគាំទ្រទាំងការងារបច្ចេកទេស ទាំងថវិកា ៕

