ភ្នំពេញ ៖ ក្នុងរយៈពេល ១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋបានចំនួន៣០៣.៣៨៨ក្បាល ក្នុងនោះបើគិតពីឆ្នាំ២០១៤មក មន្រ្តីបានផ្តល់សេវានេះ ជូនប្រពលរដ្ឋចំនួន៣.០៣៥.២៩១ក្បាលហើយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសត្រង់មុំ ឌីជីថល លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពឱ្យអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដាក់ឱ្យដំណើរការសេវាធ្វើលិខិតឆ្លងដែន តាមអនឡាញ ដើម្បីរួមចំណែកកាត់បន្ថយពេលវេលា ដោយទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋអាចចូល ទៅគេហទំព័រសេវាអត្តសញ្ញាណកម្ម online.gdi.gov.kh ដើម្បីបំពេញបែបទ ជំនួសឱ្យការទៅបំពេញបែបបទ នៅទីតាំងផ្ដល់សេវាដោយផ្ទាល់។ ក្រោយបំពេញបែបបទ សាមីខ្លួនត្រូវអញ្ជើញទៅទីតាំងផ្ដល់សេវា ដើម្បីសម្ភាស ថតរូប ផ្តិតខ្ចៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់នូវពាក្យស្នើសុំដែលបំពេញរួច និងឯកសារយោង។ លោកបណ្ឌិត ទូច សុឃៈ បានអះអាងថាសេវាអនឡាញនេះកំពុងដំណើរការរលូន។
ពាក់ព័ន្ធនឹងសេវាធ្វើលិខិតឆ្លងដែននេះដែរ ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្រ បញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬស្ថានភាពអ្នកស្នើសុំ ដើម្បីស្នើសុំមន្រ្តីចុះ ផ្តល់សេវាដល់ទីតាំងរបស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែមឡើយ សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
សេវាធ្វើលិខិតឆ្លងដែនមាន៣ប្រភេទ រួមមាន សេវាធម្មតា មានតម្លៃ១០០ដុល្លារ មានរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ សេវារហ័សកម្រិតមធ្យម មានតម្លៃ១៥០ដុល្លារ មានរយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ និងសេវារហ័ស មានតម្លៃ២០០ដុល្លារ មានពេល១ថ្ងៃ នៃថ្ងៃធ្វើការ។ អ្នកមមាញឹកខ្លាំងនៅថ្ងៃធ្វើការ ក៏អាចទៅស្នាក់ការផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីទទួលសេវានេះផងដែរ។ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង និងជប៉ុន ក៏អាចទទួលបានសេវានេះនៅស្ថានឯកអគ្គរដ្ឋទូតកម្ពុជា នៅទីក្រុងសេអ៊ូលផងដែរ៕