ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំនិស្សិតដែលចេញ ទៅសិក្សាក្រៅប្រទេស ត្រូវខិតខំរៀនសូត្រ ដើម្បីយកជំនាញចូលរួមអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តាំផ្ញើដល់និស្សិត ដែលនឹងចេញទៅសិក្សានៅក្រៅប្រទេស ឱ្យបណ្តុះទម្លាប់គិតគូរ និងមានមោទនភាពចំពោះប្រទេសជាតិ ហើយខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះជំនាញចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។

ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភី អាហារូបករណ៍ JICA ប្រទេសជប៉ុន ចំនួន ១០រូប (ស្រី ៣រូប) និងអាហារូបករណ៍សាធារណរដ្ឋបារាំង ចំនួន ១រូប ដើម្បីចូលជួបសម្តែងការគួរសម និងទទួលយកនូវអនុសាសន៍ ណែនាំមុនពេលចេញទៅសិក្សា នៅក្រៅប្រទេស នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ។

ក្នុងជំនួបសំណេះសំណាលនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់វេទិកាដល់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចែករំលែកជាមួយនិស្សិត អាហារូបករណ៍ នូវបទពិសោធមួយចំនួន ដែលក្នុងនាមជារាមច្បង បានឆ្លងកាត់ ដើម្បីជាមូលដ្ឋានដល់និស្សិតជ័យលាភីទាំងអស់ ត្រៀមសម្រាប់ការសិក្សា របស់ខ្លួននាពេលដ៏ខ្លីខាងមុខ ។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ផ្ទាល់ក៏បានលើកឡើងនូវចំណុច០៣ សំខាន់ ជូនដល់ក្រុមនិស្សិត ផ្ដើមពីការកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងឆ្លងកាត់ឧបសគ្គនានា មុននឹងឈានដល់ការទទួលបានឱកាសអាហារូបករណ៍នេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការត្រៀមខ្លួនជាស្រេច ទៅលើសិក្សាស្រាវជ្រាវពីមូលដ្ឋាន ឬតំបន់ដែលត្រូវទៅសិក្សា និងរស់នៅ ជាពិសេសការស្វែងយល់ពីរបៀបរបបរស់នៅ និងប្រពៃណីរបស់ប្រទេសនីមួយៗ ព្រមទាំងដឹងពីកន្លែងដែលគួរឬមិនគួរទៅ ។ ចំណុចចុងក្រោយ គឺការណែនាំឱ្យនិស្សិតគ្រប់ៗ រូបធ្វើការស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅ ពីដំណើរប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានឆ្លងកាត់ និងវិធីសាស្ត្រនៃការដឹកនាំប្រទេស ដើម្បីនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន និងឆ្ពោះទៅមុខ។

លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់នោះ គឺការបណ្ដុះទម្លាប់ក្នុងការគិតគូរឱ្យតម្លៃ និងមានមោទនភាព ចំពោះសង្គមជាតិរបស់ខ្លួនឯង ឱ្យបានកាន់តែច្រើនបន្ថែម។ ឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់និស្សិតជ័យលាភីទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងជួបតែសុខសុវត្ថិភាពក្នុងការធ្វើដំណើរ ៕

To Top