ព័ត៌មានជាតិ

ថ្ងៃទី២១ កញ្ញា ! ស្ថានទូតបារាំង នឹងបើកទ្វារឲ្យសាធារណជនចូលទស្សនា ក្នុងទិវាបេតិកភណ្ឌ

រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៥ ៣០០នាក់ កាលពីឆ្នាំមុន ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ស្ថានទូតបារំាងប្រចាំកម្ពុជា នឹងបើកទ្វារសាជាថ្មីជូនសាធារណជនចូលទស្សនា នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតបារាំង បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូត ដែលពោរពេញ ដោយប្រវត្តិ សាស្រ្ត និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ ៤,៧ហិកតា ដែលជាតំបន់បៃតងធំជាងគេមួយនៅរភ្នំពេញ ហើយក៏ជាជម្រកនៃជីវៈ ចម្រុះ ក្នុងនោះមានដើមឈើជាង ២០០ ដើមត្រូវជាប្រមាណ ៥០ប្រភេទ និងសត្វប្រមាណ ៣០ប្រភេទ ដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។ អ្នកទស្សនា ក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាលពីជិត ៥០ឆ្នាំមុន។

នៅពេលចេញពីស្ថានទូត សាធារណជនអាចទស្សនាការតាំងពិព័រណ៍រូបថតនៅលើរបងស្ថានទូត ដែលបង្ហាញ ពីការរំាបែបកីឡា Breakdance កម្ពុជា។ ការរាំប្រភេទនេះត្រូវបានដាក់បញ្ចូល ក្នុងចំណោមវិញ្ញាសាកីឡាអូឡាំពិកប៉ារីស៍ ២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។ ដំណើរកម្សាន្តអមដោយការពន្យល់ពីមគ្គុទ្ទេសក៍ជាភាសាខ្មែរ បារាំង និងអង់គ្លេសក៏គ្រោងនឹងរៀបចំផងដែរ។

ការទស្សនាធ្វើឡើងដោយសេរី និងមិនបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹក ដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ កាបូបធំៗ និងរបស់របរដែលអាចបង្កគ្រោះថ្នាក់មិនអនុ ញ្ញាតឱ្យយកចូលក្នុងស្ថានទូតឡើយ។ អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួលទាន និងត្រូវពាក់ស្បែក ជើង សម ស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យាន ដែលកន្លែងខ្លះមានក្រាលថ្មតូចៗ និងខ្លះទៀតជាស្មៅ។ ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង ៥០។

នៅកម្ពុជាអគារដែលមានតម្លៃបេតិកភណ្ឌគួរឱ្យកត់សម្គាល់ផ្សេងៗទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនចូលទស្សនានៅថ្ងៃទី២១ កញ្ញាផងដែរ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលនឹងបើកឲ្យទស្សនាជាលើកទីមួយ ការិយាល័យអង្គការយូណេស្កូ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអភិរក្សដ្ឋានអង្គរនៅខេត្តសៀមរាប។ ម៉ោងពេល និងបែបបទទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ៕

To Top