ព័ត៌មានជាតិ

១៥ថ្ងៃ នៃខែកញ្ញា នគរបាលបង្រ្កាបបទល្មើសល្បែងស៊ីសងជាង ២០ទីតាំង នៅរាជធានី-ខេត្ត ចំនួន១២

ភ្នំពេញ៖ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញារហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងប្រមាណ២០ទីតាំង ដោយកើតមាននៅរាជធានី-ខេត្ត ចំនួន ១២ ប៉ុណ្ណោះ។ នេះបើតាម បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាម បណ្ឌិត ទូច សុឃៈ ការបង្រ្កាបល្បែងស៊ីសងទាំង ១២ រាជធានី-ខេត្តនោះ រួមមាន ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យមាន ខេត្តកំពត ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តបាត់តំបង ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យមួយចំនួនទៅកាន់តុលាការ និងមួយចំនួនទៀត ទទួលការអនុវត្តវិធានការរដ្ឋបាលដោយការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

លោកបញ្ជាក់ថា អាជ្ញាធរ និងសមត្ថកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងតាមនីតិវិធី និងច្បាប់កំណត់ដោយស្មារតីទទួលខុសត្រូវ បានធ្វើឱ្យការប្រព្រឹត្តិរបស់ប្រជាពលរដ្ឋមានការថយចុះគួរឱ្យកត់សម្គាល់។

មុខសញ្ញាល្បែងស៊ីសង ជាការងារអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន រួមទាំងនគរបាលជាតិ យកចិត្តទុកដាក់អនុវត្ត ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា៕

To Top