ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះធម្មជាតិ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រោយទទួលបានសចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គនៅព្រះរាជាណាចក្រកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហើយហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងអំឡុងសប្ដាហ៍មុន អាចនឹងបង្កឱ្យមានទឹកជំនន់ ដែលបណ្ដាលឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។ ដូច្នេះ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះធម្មជាតិ ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការនានារបស់ ក្រសួង។



ក្រសួងសុខាភិបាល បន្ដថា នៅមុនពេល អំឡុងពេល និងក្រោយពេលទឹកជំនន់ ប្រសិនបើលោកអ្នក មានបញ្ហាសុខភាព ត្រូវស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្ដិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕
