ព័ត៌មានជាតិ

ក្រសួងការងារ អំពាវនាវ និស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈ នៅលើឆាកអន្តរជាតិ

ភ្នំពេញ ៖ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវនិស្សិតជ័យលាភី អាហារូបករណ៍សិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយ ពីសក្តានុពលប្រទេសជាតិ ដើម្បីទាក់ទាញការ វិនិយោគ ភ្ញៀវទេសចរ និងបង្កើតឱកាសការងារ នៅក្នុងស្រុកបន្ថែមទៀត ។

ការលើកឡើងនេះ នៅក្នុងជំនួបជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ចំនួន ១២នាក់ ដែលនឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ដើម្បីទទួលនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារ នៅទីស្តីការក្រសួងនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

លោកស្រី​ សុវណ្ណ វណ្ណារតន៍ បានមានប្រសាសន៍ថា ការទទួលបានអាហារូបករណ៍នៅជប៉ុននេះ គឺជាឱកាសល្អមួយបន្ថែមទៀត ក្នុងការកសាងសមត្ថភាព ទំនាក់ទំនងជាមួយពលរដ្ឋបរទេស ដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាឱកាសផ្សេងៗបន្ថែមទៀត សម្រាប់កសាងជីវិតសម្រាប់ពេលអនាគត។

ជាមួយគ្នានេះ លោកស្រីថ្លែងថា ក្នុងនាមជាបញ្ញវ័ន្ត ត្រូវបន្តធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ គោលនយោបាយកម្ពុជាទៅបរទេស ដើម្បីបង្ហាញពីសក្ដានុពលរបស់កម្ពុជា និង ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ វិនិយោគិនបរទេស ជាពិសេសជំរុញការបង្កើតការងារ នៅក្នុងស្រុកកាន់តែច្រើនថែមទៀត។

លោកស្រី​ បានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែង សិក្សារៀនសូត្រពីមុខវិជ្ជារបស់ខ្លួន ស្របតាមបរិបទសង្គម ការប្រែប្រួលបច្ចេកវិទ្យា និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ លោកស្រីក៏បានរំលឹកឱ្យចូលរួមចែករំលែកបទពិសោធន៍ពីបរិបទនៃការវិវត្តវិទ្យសាស្ត្រ សង្គមសាស្ត្រ និងការអប់រំផ្សេងៗ ដល់និស្សិតកម្ពុជាជំនាន់ក្រោយ ។

គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលជប៉ុនតាមរយៈ JICA មានចំនួន១២នាក់ ក្រោមកម្មវិធីដូចជា កម្មវិធីអ្នកដឹកនាំសាកល SDGs កម្មវិធីកែលម្អការអប់រំកុមារ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យរ៉ែ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ និងកម្មវិធីរ៉ាប់រងសុខភាពជាសាកល ៕

To Top