ព័ត៌មានជាតិ

កម្ពុជា ស្នើនូវែលសេឡង់ សហការជាមួយគ្នាបន្ថែមទៀត លើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរ បានស្នើឲ្យភាគីនូវែលសេឡង់ ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត លើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស ។

ការស្នើរបស់ប្រមុខការទូតខ្មែរ ធ្វើឡើងក្នុងឱកាសទទួលជួបលោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះលោក សុខ ចិន្តាសោភា បានស្វាគមន៍ និងអរគុណលោក Jonathan Kings ដែលបានអញ្ជើញមកធ្វើបាឋកថា នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ក្រោមប្រធានបទ “ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-នូវែលសេឡង់ និងអាទិភាពនៃគោលនយោបាយការបរទេសនូវែលសេឡង់”។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីជំនួបប្រកបដោយ ផ្លែផ្កាជាមួយឧបនាយករដ្ឋមន្ត្រី Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ កាលពីខែកក្កដា នៅទីក្រុងវៀងចន្ទន៍។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះជំនួយរបស់នូវែលសេឡង់ និងបានស្នើឲ្យភាគីនូវែលសេឡង់ ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត លើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងស្នើភាគីនូវែលសេឡង់ រៀបចំសិក្ខាសាលាធុរកិច្ច នៅក្នុងរាជ/រដ្ឋធានីណាមួយ នៃប្រទេសសមាជិកអាស៊ាន ដែលមានធុរជនជនជាតិ នូវែលសេឡង់ច្រើន ដោយមានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមធ្វើបទបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ។

លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត បានកត់សម្គាល់ដោយការពេញចិត្តជាខ្លាំង ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ និងបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង រវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍រួម។

ភាគីទាំងពីរ ក៏បានពិភាក្សាស្ដីពី ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ផងដែរ៕

To Top