ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជួបប្រធានតំណាង ការិយាល័យ JICA ប្រចាំកម្ពុជា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤បានទទួលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយលោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា និងក្រុមការងារ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និង ថ្លែងអំណរគុណ ដល់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលកន្លងមក តែងតែគាំទ្រក្រសួង សុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខ ភាពដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់អ្នកជំនាញបច្ចេកទេស និងការផ្តល់ជំនួយហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណង ដល់វិស័យសុខាភិបាល ដូចជាសាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ នៅតាមមន្ទីរពេទ្យជាច្រើន ក្នុងប្រទេសកម្ពុជា ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធាន មនុស្សសុខាភិបាលជាច្រើន មិនអាចកាត់ថ្លៃបាន ជាង៣ទសវត្សរ៍កន្លងមក និងបាននឹងកំពុងជួយ ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។

ជាកិច្ចឆ្លើយតប លោក សាណុយ កាហ្សូម៉ាស្សា បានថ្លែងការកោតសរសើរ សាស្ត្រាចារ្យរដ្ឋមន្រ្តី ដែលបន្ទាប់ពីទទួលបាននូវការទុកចិត្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ បានគាំទ្រពង្រឹង និងពង្រីកគម្រោង កិច្ចសហប្រតិបត្តិការ ទ្វេភាគីកាន់តែខ្លាំងក្លា ។ លោកប្រធានក៏បានថ្លែងអំណរគុណសាស្ត្រាចារ្យរដ្ឋមន្រ្តី ដែលបានឆ្លៀត ពេលវេលាដ៏មមាញឹក ទទួលជួបរូបលោក និងសហការីជាពិសេស គឺដើម្បីអនុញ្ញាតជូនលោកវេជ្ជបណ្ឌិត ណូហ្សូគី អ៊ីគូម៉ា ទីប្រឹក្សាគោលនយោបាយ (Health Policy Advisor) បានជម្រាបលា បន្ទាប់ពីបានបំពេញការងារ ជាទីប្រឹក្សាក្រសួងសុខាភិបាលអស់រយៈពេល៤ឆ្នាំ និងទទួលជួបស្វាគមន៍ទីប្រឹក្សាថ្មីដែលមកជំនួសគឺ លោកវេជ្ជបណ្ឌិត យូកូបូរី ព្រមទាំងជួបលោកស្រីវេជ្ជបណ្ឌិត ទីប្រឹក្សាគម្រោងជំងឺមិនឆ្លង (NCD Project)ផងដែរ។

លោកប្រធាន ក៏បានសន្យានឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យ សុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិត ស្និទ្ធជាមួយក្រុមការងារ បច្ចេកទេស របស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរាជដ្ឋាភិបាលជប៉ុន ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ទោះជាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជាបានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនកម្ពុជា ផ្តល់រថយន្តគិលានសង្គ្រោះ លើកកម្ពស់គុណភាពសេវាសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និង ការអភិវឌ្ឍមូលដ្ឋានសុខាភិបាលជាដើម។ នេះសបញ្ជាក់អំពីភាព ជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការ ទ្វេគាគីរបស់ប្រទេសទាំងពីរ ដែលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរថា ជាទំនាក់ទំនងទ្វេភាគីកម្ពុជា -ជប៉ុន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេសទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបាននិងកំពុងបន្តពង្រឹក កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ជាមួយក្រសួង សុខាភិបាល និងដែលបានបង្ហាញពីការ បេ្តជ្ញាចិត្តឥតងាករេ បន្តគាំទ្ររួមចំណែកជួយ ដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

To Top