ព័ត៌មានជាតិ

១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ កម្ពុជា ទទួលបានគម្រោង វិនិយោគ ៣៩១គម្រោង កើនឡើង១៦៨

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាទទួលបានគម្រោងវិនិយោគ ចំនួន ៣៩១គម្រោង កើនឡើង ចំនួន១៦៨គម្រោង បើធៀប នឹងរយៈពេលដូចគ្នា ក្នុងនីតិកាលទី៦ ។

ការលើកឡើង របស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូនលោកស្រី Patcharada Nawakawongkarn នាយកប្រតិបត្តិ ផ្នែកអភិវឌ្ឍន៍សហគ្រាសថៃ នៃក្រុមប្រឹក្សាវិនិយោគថៃ (BOI) និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ នៅថ្ងៃទី១៨ កញ្ញា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីវឌ្ឍនភាពសំខាន់ៗ របស់កម្ពុជាលើកិច្ចការងារវិនិយោគឯកជន ពិសេសក្នុងរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលទទួលបានគម្រោងវិនិយោគសរុបចំនួន ៣៩១គម្រោង កើនឡើងចំនួន ១៦៨គម្រោង ឬ ៧៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងនីតិកាលទី៦ ក្រោមការសម្របសម្រួល និងទាក់ទាញការវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការ។

បន្ថែមពីនេះ ឆ្លើយតបលើសំណើសុំរបស់គណៈប្រតិភូអំពីព័ត៌មានសក្ដានុពលដែលកម្ពុជាប្រើប្រាស់សម្រាប់ការទាក់ទាញវិនិយោគ លោកឧបនាយករដ្ឋមន្រ្តី បាន រំលេចជូនអំពីសុខសន្តិភាពពេញលេញនៅកម្ពុជា ដែលអនុញ្ញាតឲ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផល ដោយបើកទូលាយ មានរដ្ឋាភិបាលដែលគាំទ្រធុរកិច្ច ពិសេសកម្ពុជាបានបន្តយកចិត្តទុកដាក់ ក្នុងការសាងសង់ហេដ្ឋារចនា សម្ព័ន្ធពេញផ្ទៃប្រទេសទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដោយមានការអភិវឌ្ឍន៍ផ្លូវដែកផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យភាគីថៃ តាមរយៈក្រុមប្រឹក្សាវិនិយោគថៃ បន្តសហការរួមគ្នាលើការផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយ កម្ពុជាបូកមួយ ឬថៃបូកមួយ ដើម្បីគាំទ្រលើខ្សែ ច្រវាក់ផ្គត់ផ្គង់ របស់វិស័យឯកជន ស្របតាមសក្ដានុពលនិងធនធាន ដែលប្រទេសទាំងពីរ អាចផ្ដល់ជូនទៅវិនិយោគិន ។

ស្របតាមការលើកឡើង របស់លោកឧបនាយករដ្ឋមន្ត្រី លោកស្រី Patcharada Nawakawongkarn នឹងពិនិត្យលទ្ធភាពបន្ថែមទៀត លើការផ្សព្វផ្សាយ និងរៀបចំកិច្ចសហការនានា ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រប្រទេសបូកមួយ។

បន្ថែមពីនេះ លោកស្រី បានបង្ហាញសុទិដ្ឋនិយមខ្ពស់ នឹងសហការជិតស្និតលើការរៀបចំវេទិកាផ្គូរផ្គងធុរកិច្ច រវាងប្រទេសទាំងពីរ សំដៅលើកកម្ពស់ការ វិនិយោគរវាងគ្នា ពិសេសការលើកទឹកចិត្តវិនិយោគិនថៃ មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕

To Top