ព័ត៌មានជាតិ

ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ ដែលបង្កឡើងពីការបំពុលដោយប្លាស្ទិក។

នាឱកាសអញ្ជើញចូលរួមទស្សនាកប៉ាល់ Plastic Odyssey ប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក និងជួបសំណេះសំណាលជាមួយនាវិក នាពេលថ្មីៗ លោក អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា កប៉ាល់ Plastic Odyssey បានចូលរួមផ្សព្វផ្សាយ ពីបញ្ហាប្លាស្ទិកដល់ប្រជាពលរដ្ឋ នៅលើពិភពលោកថាបញ្ហាប្លាស្ទិកបង្កគ្រោះថ្នាក់ដល់សុខភាព ដល់អាយុជីវិត ដល់បរិស្ថានទាំងមូលតែម្តង។

លោក បន្ដថា ការចូលចតកប៉ាល់ Plastic Odyssey នៅកម្ពុជា ក្នុងការធ្វើដំណើរជុំវិញពិភពលោក ពីប្រទេសបារាំង ឆ្លងកាត់ទៅ អឺរ៉ុប អាហ្រ្វិក និងអាស៊ី ពីប្រទេសជប៉ុន មកឥណ្ឌូណេស៊ី សិង្ហបុរី និងមកកម្ពុជា នាពេលនេះ បានរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ដោយធ្វើការកែច្នៃប្លាស្ទិកធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗទៀតបាន ជាជាងយកទៅបោះចោល ដល់ប្រជាជនលើពិភពលោក។

លោករដ្ឋមន្ដ្រី ថ្លែងអំណរគុណដល់ក្រុមការងារកប៉ាល់ទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក ស្របនឹងភាពស្អាត ដែលជាសសរស្តម្ភទី១ ដែលបានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ តាមរយៈការអនុវត្តភាពស្អាត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ជាបន្តបន្ទាប់ មិនត្រឹមតែការសម្អាតអនាម័យបរិស្ថាន នៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ប៉ុណ្ណោះទេ យុទ្ធនាការរបស់ក្រសួងបរិស្ថាន ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលក្នុងនោះយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ពេលនេះ មានការចូលរួមពីសិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ជាង៩,៥លាន នាក់នៅទូទាំងប្រទេសកម្ពុជា៕

To Top