ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចផ្តល់ប្រាក់ឈ្នួល អប្បបរមាកម្មករ និយោជិតឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ សហរដ្ឋអាម៉េរិក

ភ្នំពេញ ៖ ការកំណត់ដំឡើងប្រាក់ឈ្នួល អប្បបរមាកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ ឆ្នាំ២០២៥ ត្រូវបានសម្រេចជាផ្លូវការចំនួន២០៨ដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីសហជីពតំណាង កម្មករនិយោជិត និងនិយោជកឯកភាពគ្នា លើតួលេខចំនួន ២០៦ ដុល្លារ ខណៈប្រមុខរាជរដ្ឋាភិបាលបន្ថែមជូន ២ដុល្លារ ។

ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានតំណាងភាគីរាជរដ្ឋាភិបាល តំណាងសហជីពកម្មករនិយោជិត និងតំណាងភាគីនិយោជក នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ ។

លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំចំនួន ១៥លើក។ ដោយឈរលើគោលការណ៍ប្រជាធិតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងប្រកាន់យកគោលការណ៍ឈ្នះ-ឈ្នះ។

លោកបន្ដថា ទោះបីជាមានកិច្ចប្រជុំ ១៥លើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នា ជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករ និយោជិតបានលើកនូវតួលេខចំនួន ២ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាមេរិក និង ២១៤ដុល្លារអាមេរិក រីឯតំណាងភាគីនិយោជក បានដំឡើងដល់តួលេខចំនួន ២០៦ ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ ២០៦ដុល្លារអាមេរិក ។

យោងតាមមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រលេខនីមួយៗ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

តួលេខចំនួន ២០៦ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៤៦សំឡេងលើ ៥១សំឡេង, តួលេខចំនួន ២០៨ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ១សំឡេង លើ ៥១សំឡេង, តួលេខចំនួន ២១៤ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៤សំឡេងលើ ៥១សំឡេង និងសំឡេងមិនបានការចំនួន០។
ដូចនេះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន ២០៦ដុល្លារអាមេរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេច លើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៥ ។

លោករដ្ឋមន្ត្រី ហេង សួរ មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែម ទឹកប្រាក់ចំនួន ២ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ២០៦ដុល្លារអាមេរិក។ ដូច្នេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារអាមេរិក ។

ទន្ទឹមគ្នានេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែលមានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ចំនួន ១០ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិកដល់ ១១ដុល្លារអាមេរិកក្នុងមួយខែសម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យច្បាស់លាស់ និងប្រកបដោយគតិបណ្ឌិត ក្នុងការដាក់ចេញ នូវគោលនយោបាយ និងវិធានការដ៏មុតស្រួច ក្នុងការគ្រប់គ្រងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩ សំដៅការពារអាយុជីវិត និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ច ការរក្សាបាននូវភាពប្រកួតប្រជែង ការទាក់ទាញវិនិយោគថ្មីៗ និងការបង្កើតការងារថ្មី កាន់តែល្អប្រសើរជាងមុន ។

ជាពិសេសសម្តេចធិបតីបានសម្រេចផ្ដល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាមេរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះ នឹងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប និងក្រុមគ្រួសារកាន់តែមាន ភាពល្អប្រសើរឡើងជាងមុន ។

ជាមួយគ្នានេះ លោកក៏ថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយ ការទទួលខុសត្រូវ និងកាន់តែមានភាពចាស់ទុំ ក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ៕

To Top