ព័ត៌មានជាតិ

សហជីពធំៗ នៅកម្ពុជា ប្រកាសគាំទ្រពេញទំហឹង ចំពោះការសម្រេចដំឡើង ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតចំនួន ២០៨ដុល្លារ

ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជា នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៤ បានប្រកាសគាំទ្របន្តបន្ទាប់ ក្រោយពីមានសេចក្តី សម្រេចដំឡើងប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារក្នុងមួយខែ ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ និងជាសមាជិកក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមាបានថ្លែងថា លោក និងសមាជិកសហជីពផ្សេងទៀត បានគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងនេះ ដោយប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការ អន្តរាគមន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញ ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និង បង្កើតឱកាសការងារជូនដល់កម្មករនិយោជិត ព្រមទាំងបន្តជំរុញ ឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើង ប្រកបដោយភាពទាក់ទាញ ។

លោកបានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ឋបន្តចូលរួមថែរក្សាភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារ និងប្រាក់ចំណូល របស់កម្មករនិយោជិតទាំងអស់ ដើម្បីធានានស្ថេរភាពការងារ និងការវិនិយោគនៅកម្ពុជា ។

លោក ហ្វា សាលី បានបញ្ជាក់ថា ៖ «បើទោះបីជាការដំឡើងប្រាក់ឈ្នួល មិនបានច្រើនលើសលុបទៅ តាមនូវអ្វី ដែលកម្មករចង់បាន ប៉ុន្ដែយើងនៅតែសាទរ ចំពោះការដំឡើងនេះ វាជាចំណុចវិជ្ជមាន និងជាឆន្ទៈក្នុងការជួយសម្រួលដល់ជីវភាពកម្មករពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ បានប្រឹងប្រែងយ៉ាងខ្លាំងដែលជំរុញ ឱ្យមានយន្តការចរចាប្រាក់ឈ្នួល ប្រចាំឆ្នាំបែបនេះ» ។

ចំណែកលោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បាននិយាយថា ក្នុងនាមលោកតំណាងឱ្យកម្មករនិយោជិត ហើយក៏ជាសមាជិកចូលរួម ក្នុងការចរចាឈ្នួល បានតាមដានយ៉ាងយកចិត្តទុកដាក់លើ ដំណើរការនៃការចរចា កំណត់ប្រាក់ឈ្នួលអប្បបរមា របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ដែលជាយន្តការត្រីភាគីតាំងពីកិច្ចប្រជុំលើកទី១ រហូតមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ។

លោក ក៏ដូចជាសមាជិក សហជីពផ្សេងទៀត បានសង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស វិជ្ជាជីវៈ និងមានលក្ខណៈវិទ្យាសាស្ត្រ ដោយផ្អែកលើ លក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចស្របតាមស្តង់ដាសកល ដែលអង្គការអន្តរជាតិខាងការងារ (ILO) បានកំណត់ ។

ប្រធានសហជីពរូបនេះបញ្ជាក់ថា៖«ការដំឡើងប្រាក់ឈ្នួល របស់កម្មករនិយោជិត គឺជាកំណើនប្រាក់ចំណូល របស់កម្មករយើងយ៉ាងពិតប្រាកដ ដែលនឹងជួយសម្រួលដល់ជីវភាពពួកគាត់ ជាពិសេសប្រាក់ធ្វើការថែមម៉ោង របស់ពួកគាត់ក៏នឹងកើនឡើងទៅតាមនោះដែរ» ។

លោកថា៖«ខ្ញុំបានកត់សម្គាល់ឃើញថា ការដំឡើងប្រាក់ឈ្នួលនេះ មិនមែនកើតឡើងពីការធ្វើបាតុកម្ម ឬការដាក់សម្ពាធទៅលើភាគីណាមួយនោះទេ ប៉ុន្ដែវាកើតចេញពីឆន្ទៈរបស់ត្រីភាគី ជាពិសេសប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូដល់ជីវភាពបងប្អូនកម្មករ និយោជិតរបស់យើងជានិច្ច»។
ជាងនេះទៅទៀត សហជីពគោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាព របស់បងប្អូនកម្មករនិយោជិតគ្រប់កាលៈទេសៈ ។
ពិសេសសម្តេចធិបតី បានអនុញ្ញាត ឱ្យមានការបន្តដំឡើងប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ ២០២៥ បើទោះបីជាប្រទេសទាំងអស់ នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងទទួលរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចសាកល ដែលនាំឱ្យតម្រូវការសាកល ផ្នែកវាយនភណ្ឌមាន ការថយចុះក៏ដោយ ។

លើសពីនេះទៅទៀត កម្មករក៏បាននិងកំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្តរាគមន៍ របស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយបន្ទុកចំណាយ របស់កម្មករនិយោជិត តាមរយៈការគ្រប់គ្រងថ្លៃ ឈ្នួលផ្ទះ ថ្លៃទឹក និង ថ្លៃអគ្គិសនីនៅតាមផ្ទះជួលរួមទាំងទទួល បានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍ របបសន្តិសុខសង្គមផងដែរ ៕

To Top