ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត នៅតាមបណ្ដាចំនួន៤ គឺខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ ។
![](https://dap-news.com/wp-content/uploads/2024/09/IMG_20240919_153256_059-682x1024.jpg)
លោករដ្ឋលេខាធិការបន្តថា ការរៀបចំស្តង់នៅតាមបណ្តាខេត្តទាំង៤នេះ គ្រោងនឹងប្រព្រឹត្តទៅតាមគោលដៅដូចជា៖ សម្រាប់ខេត្តសៀមរាប ទីតាំងសាលាសង្កាត់សាលាកំរើក ចាប់ពីថ្ងៃទី១៦ ដល់១៩ ខែកញ្ញា ឆ្នាំ២០២៤, ផ្សារលើធំថ្មី ចាប់ពីថ្ងៃទី៧ ដល់១០ ខែតុលា ឆ្នាំ២០២៤, និងអំឡុងពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
![](https://dap-news.com/wp-content/uploads/2024/09/IMG_20240914_101355_333-1024x835.jpg)
ខេត្តកំពង់ចាម ទីតាំង ផ្សារបឹងកុក ចាប់ពីថ្ងៃទី ២៣ ដល់២៦ ខែកញ្ញា ឆ្នាំ២០២៤, គល់ស្ពានគីហ្សូណា ចាប់ពីថ្ងៃទី៦ ដល់៩ ខែតុលា ឆ្នាំ២០២៤។ ខេត្តបាត់ដំបងវិញគឺ ទីតាំងសាលាស្រុកមោងឬស្សី លើកទី១ ចាប់ពីថ្ងៃទី ១៨ ដល់១៩ ខែតុលា ឆ្នាំ២០២៤ និងលើកទី២ ចាប់ពីថ្ងៃទី ២ ដល់៣ ខែវិច្ឆិកា ឆ្នាំ២០២៤, ទីតាំងផ្សារណាត់ លើកទី១ ចាប់ពីថ្ងៃទី២០ ដល់២១ ខែតុលា ឆ្នាំ២០២៤ និងលើកទី២ ចាប់ពីថ្ងៃទី ៤ ដល់៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខេត្តតាកែវ ទីតាំងផ្សារទន្លាប់ (គិរីវង់) ចាប់ពីថ្ងៃទី២១ ដល់២៤ ខែតុលា ឆ្នាំ ២០២៤ និងទីតាំងផ្សារសំរោងយ៉ោង (បាទី) ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ដល់៣ ខែធ្នូ ឆ្នាំ២០២៤។
![](https://dap-news.com/wp-content/uploads/2024/09/IMG_20240919_153255_289-1024x682.jpg)
លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការរៀបចំស្តង់ចល័តរបស់ប.ស.ស. នៅតាមបណ្តាខេត្តទាំង៤ ផ្ទាល់នេះ គឺដើម្បីសម្រួលពេលវេលាក្នុងការធ្វើដំណើរដោយផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស.។ សម្រាប់សាកសួរព័ត៌មានបន្ថែមបងប្អូនប្រជាពលរដ្ឋទាំងអស់អាចទំនាក់ទំនងមកលេខ ១២៩៧ និង១២៨៦ ដោយឥតគិតថ្លៃ ២៤ ម៉ោង ក្នុងមួយថ្ងៃ ឬតាមរយៈបណ្តាញសង្គមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង។
![](https://dap-news.com/wp-content/uploads/2024/09/IMG_20240919_153255_731.jpg)
លោករដ្ឋលេខាធិការ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ នៅទីតាំងខេត្តទាំងបួន ដែលប.ស.ស. នៃក្រសួងការងារ នឹងរៀបចំស្ដង់ចល័តនេះ សូមមកចូលរួមមកសាកសួរព័ត៌មានឱ្យបានច្រើនកុះករ និងធ្វើការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានច្រើន ពីព្រោះប.ស.ស. បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក ក្នុងនោះសមាជិកប.ស.ស. ទាំងអស់ទទួលបានសេវាថែទាំសុខភាព មួយដោយឥតគិតថ្លៃ ចំណាយថវិកាតិចប្រចាំខែ កាត់បន្ថយចំណាយលើការពិនិត្យសុខភាពរបស់ពលរដ្ឋ ៕
![](https://dap-news.com/wp-content/uploads/2024/09/IMG_20240919_091901_500-890x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)