កំពង់ធំ ៖ ផ្ទះថ្មីមួយខ្នង ដែលជាអំណោយរបស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវបានប្រគល់ជូនចាស់ជរា ដែលជាជន មានពិការភាពជាប់ខ្លួន នៅក្នុងភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានមានប្រសាសន៍លើកឡើងថា នេះជាផ្ទះទី២ហើយ ដែលជាអំណោយ របស់លោកអភិបាលខេត្ត ដែលបានផ្ដល់ ជូនចាស់ជរានៅក្នុងស្រុកស្ទោង ។
លោក អភិបាលស្រុកស្ទោង បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើននូវការយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខសុខុមាលភាពគ្រួសារក្រីក្រ ចាស់ជរានិងគ្រួសារ ដែលមានពិការភាព ជាពិសេសនៅក្នុងឱកាសបុណ្យ កាន់បុណ្យភ្ជុំបិណ្ឌ ដើម្បីបានរស់នៅក្នុងជីវភាព សមរម្យហើយ មានឱកាសធ្វើបុណ្យទាន នៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ដូចបងប្អូនប្រជាពុទ្ធសាសនិកទូទៅ ។
ទន្ទឹមនឹងនេះលោកតា សែម សូត្រ និងលោកយាយ ឆឺន ណូ ដែលបានទទួលផ្ទះថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក ស្រី ដែលជាភរិយា ព្រមទាំង ក្រុមការងារដែលបានគិតគូរយកចិត្តទុកដាក់ ដល់សុខទុក្ខសុខុមាលភាព របស់ ដែលកំពុងតែ គ្រួសារគាត់ ដែលកំពុងជួបការខ្វះខាតយ៉ាងនេះ ។
ដោយសំនៀង