ព័ត៌មានជាតិ

ទូតថៃ ​សរសើរការរក្សាបាន ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច របស់កម្ពុជា

ភ្នំពេញ៖ លោក Cherdkiat Attharkor ឯកអគ្គរាជទូតចប់អាណត្តិថៃប្រចាំកម្ពុជា បានកោតសរសើរដល់ការរក្សាបាន នូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ របស់កម្ពុជា ។

ការលើកឡើងរបស់លោកទូតខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាត ឱ្យជួបសម្ដែងការគួរសម និងជម្រាបលា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

នៅក្នុងឱកាសនោះ លោក Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើន លើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩​ ។

លោកឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី និងបានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងអាណតិ្តការទូតរបស់លោក។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់ និងការចូលរួមចំណែកយ៉ាងសកម្ម របស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិត ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

ជាមួយគ្នានេះ សម្តេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់ អំពីកិច្ចសហប្រតិបតិ្តការ លើវិស័យមួយចំនួន ដែលផ្តល់ប្រយោជន៍ ដល់ប្រទេសទាំងពីរ មានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងសន្តិសុខផងដែរ៕

To Top