ព័ត៌មានជាតិ

រដ្ឋាភិបាលនូវែលសេឡង់ នឹងបង្កើនចំនួន អាហារូបករណ៍ ដល់និស្សិតកម្ពុជា

ភ្នំពេញ ៖ លោក Jonathan Kings ឯកអគ្គរាជទូត នូវែលសេឡង់ ប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅឯវិមានសន្តិភាពថា រដ្ឋាភិបាលនូវែលសេឡង់ នឹងបង្កើនចំនួនអាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសនូវែលសេឡង់ ។

ក្នុងនោះផងដែរ លោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា ថែមទៀត ជាពិសេសតាមរយៈ ការខិតខំជំរុញវិនិយោគិននូវែលសេឡង់ មកកម្ពុជា ឱ្យបានច្រើន ព្រមទាំងបានបង្ហាញពីបំណង ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកគាំទ្រ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឯកអគ្គរាជទូត បានជម្រាបជូនសម្តេចធិបតីថា “រដ្ឋាភិបាលនូវែលសេឡង់ នឹងបង្កើនចំនួនអាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសនូវែលសេឡង់” ។

ជាមួយគ្នានេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ព្រមទាំងផ្តល់ការឧបត្ថម្ភគាំទ្រ លើវិស័យជាច្រើនផ្សេងទៀត រួមទាំងសកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍ សហគមន៍នៅតំបន់អង្គរ។

សម្តេចធិបតី ក៏បានចែករំលែកដោយសង្ខេបអំពីយន្តការ និងវិធានគន្លឹះសំខាន់ៗ ក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង និងប្រកបដោយភាពទាក់ទាញ។

ក្នុងនោះដែរ សម្ដេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់ អំពីសក្តានុពល ​នៃកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួន ដែលផ្តល់ប្រយោជន៍ ដល់ប្រទេសទាំងពីរ មានអាទិ៍៖ ការអប់រំ និងបណ្តុះបណ្តាវិជ្ជាជីវៈ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអភិរក្សវប្បធម៌ និងការពារជាតិ ៕

To Top