ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ យកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
តាមរយៈសេចក្ដីអំពាវនាវរបស់ គ.ស.ច.គ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាត ទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ប៉ុន្តែនៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិតែងមានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់។ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ និងការខូច ចរាចរណ៍នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿន កំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា អំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាខិតខំយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកដោយអនុវត្តវិធានការ ដូចខាងក្រោម៖
១-អ្នកបើកបរត្រូវបន្ថយល្បឿនបើកបរតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ឬផ្លូវរអិល។
២-អ្នកបើកបរត្រូវបើកបរបន្ថយល្បឿននៅពេលជិតដល់ផ្លូវប្រសព្វ និងត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ ប្រសព្វ តាមច្បាប់ ផ្លាកសញ្ញាសិទ្ធិអាទិភាព និងការយោគយល់អាធ្យាស្រ័យ។
៣-អ្នកបើកបររថយន្ត និងអ្នករួមដំណើរ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។
៤-អ្នកបើកបរមុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ចៀសវាង ការវ៉ាជែងដោយប្រថុយប្រថាន។
៥-ត្រូវត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ។ល។
៦-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវេលា។
៧-ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល។
៨-ត្រូវប្រកាន់ខ្ជាប់នូវស្មារតីគោរពច្បាប់ ប្រុងប្រយ័ត្នជានិច្ច សីលធម៌រក្សាសុវត្ថិភាព និងការយោគយល់ អធ្យាស្រ័យក្នុងការបើកបរ៕