ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើវិនិយោគិនអាមេរិក លើកឡើងបញ្ហាប្រឈមរបស់ខ្លួន ដើម្បីរកដំណោះស្រាយ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់វិនិយោគិនរបស់អាមេរិក លើកឡើងអំពីបញ្ហាប្រឈមនានារបស់ខ្លួន ដើម្បីធានាស្វែងរកដំណោះស្រាយសមស្របពីរាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល​ នាឱកាសអញ្ជើញដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-អាម៉េរិក លើកទី១ រួមជាមួយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

កិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-អាមេរិក លើកទី១ នេះបានក្លាយជារបៀបវារៈថ្មី នៃកិច្ចសន្ទនាផ្លូវការ ដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាមេរិក អនុវត្តក្រោមស្មារតីសហការ និងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអាមេរិក។

យន្តការថែទាំវិនិយោគដែលរៀបចំឡើង នាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈ បង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋ និងឯកជន ទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនរបស់សហរដ្ឋអាមេរិក តាមរយៈស្ថានទូត និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លើកឡើងអំពីបញ្ហាប្រឈមនានារបស់ខ្លួន ដើម្បីធានាស្វែងរកដំណោះស្រាយសមស្រមពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការរៀបចំកិច្ចសន្ទនា នាឱកាសនេះ គឺស្របតាមចក្ខុវិស័យរបស់កម្ពុជាក្នុងធ្វើពិពិធកម្មប្រភពវិនិយោគ ពិសេសពីសហរដ្ឋអាមេរិកបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី រំពឹងថា នឹងទទួលបានសញ្ញាណល្អពីវិនិយោគិនអាមេរិក ក្នុងអំឡុងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាមេរិកប្រមាណ ២សប្ដាហ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។

នាឱកាសនោះដែរ លោកស្រីភារធារី បានលើកឡើងថា អាមេរិក នឹងបន្តខិតខំធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌការវិនិយោគ សហរដ្ឋអាមេរិក បានមើលឃើញអំពីការចូលរួមរបស់ក្រុមហ៊ុនឯកជនអាមេរិក ដែលបានវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ហើយលោកស្រីជឿជាក់ថា វត្តមាននិងប្រតិបត្តិការក្រុមហ៊ុនរបស់សហរដ្ឋអាម៉េរិកកាន់តែច្រើន នឹងចូលរួមបានកាន់តែប្រសើរក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។

លោកស្រីភារធារី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងបេសកកម្មការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅសហរដ្ឋអាម៉េរិកនាសប្ដាហ៍ក្រោយនេះ៕

To Top