ព័ត៌មានជាតិ

ក្រមបរិស្ថាន គឺជាអាវក្រោះ ការពារខ្លួន ចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រង ធនធានធម្មជាតិ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រមបរិស្ថាន និងធនធានធម្មជាតិ ជាផែនទីចង្អុលផ្លូវ និងជាអាវក្រោះការពារខ្លួន ចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានកាន់តែប្រសើរ ។

ក្នុងពិធីផ្សព្វផ្សាយ និងបញ្រ្ជាបចំណេះដឹង ពាក់ព័ន្ធនឹងក្រមបរិស្ថាន ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ នាថ្ងៃទី១៩ កញ្ញា លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានថ្លែងថា «ក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបាន ប្រកាសដាក់ឲ្យប្រើប្រាស់ នាពេលកន្លងទៅនេះ គឺជាផែនទីចង្អុលផ្លូវ ក្នុងការអនុវត្តច្បាប់ របស់កម្ពុជា និងជាអាវក្រោះការពារខ្លួន ចំពោះមន្រ្តីអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិឲ្យកាន់តែប្រសិទ្ធភាពថែមទៀត»។

លោករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ប្រសិនបើគ្មានច្បាប់ទេ ក៏មិនអាចមានបរិស្ថាន ប្រសិនជាគ្មានច្បាប់ទេ ក៏គ្មានធនធានធម្មជាតិដែរ ហើយបើគ្មានច្បាប់ទេ យើងក៏មិនអាច អនុវត្តការងារឲ្យសម្រេច តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញបានដែរ»។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានជំរុញដល់មន្រ្តីទាំងអស់ត្រូវយល់ដឹងអំពីក្រមបរិស្ថាន និងធនធានធម្មជាតិ និងយកទៅប្រើប្រាស់ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម និងការឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ដ្រី បានរំលឹកដល់មន្រ្តីក្រសួងបរិស្ថាន ឲ្យចូលរួមសហការជាមួយអាជ្ញាធរដែនដី និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ជំរុញនិងបង្កើនប្រសិទ្ធភាពនៃការចូលរួម អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីសម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។

សូមបញ្ចាក់ថា ក្រមបរិស្ថាន និងធនធានធម្មជាតិ បាន ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលក្រមនេះ ត្រូវបានក្រសួងចំណាយពេលវេលាជាង៨ឆ្នាំ ដើម្បីចងក្រង និងឆ្លងកាត់ការពិនិត្យ សម្រេច និងអនុម័តតាមដំណាក់កាលច្បាប់ជាបន្តបន្ទាប់។ ក្រមនេះត្រូវបានចែកជា១២កន្ថី និងមានមាត្រាសរុប៨៦៥៕

To Top