ភ្នំពេញ ៖ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជន សម្ដេចតេជោ (TYDA) បានចុះអនុស្ស រណៈយោគយល់ (MOU) លើភាពជាដៃគូ ក្នុងការព្យាបាល និងវះកាត់ជូនអ្នកជំងឺបេះដូង ឆ្អឹងខ្នង ក្បាលជង្គង់ និងថង់ទឹកប្រម៉ាត់ ដោយឥតគិតថ្លៃ ដើម្បីរួមចំណែកលើកកម្ពស់ សុខុមាលភាព របស់ប្រជាជនកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-45-49-1024x684.jpg)
ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូជួយសង្គម រវាងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ និង TYDA ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជា នាថ្ងៃទី១៩ កញ្ញា លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានថ្លែងថា ការចូលរួមសហការនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ខណៈសមាគម TYDA នេះបង្កើតឡើង ដោយសម្ដេចតេជោ ហ៊ុន សែន ហើយនេះក៏ជាផ្នែកមួយ នៃគោលនយោបាយ របស់មន្ទីរពេទ្យផងដែរ ដើម្បីរួមចំណែកជាមួយសមាគម ។ លោកសាស្ត្រាចារ្យគូសបញ្ជាក់ថា ការចុះអនុស្សរណៈ ជាមួយសមាគមមូល និធិក្រុមគ្រូពេទ្យ TYDA នេះ ខាងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងជ្រើសរើសយកបញ្ជីឈ្មោះអ្នកជំងឺ ដែលត្រូវបញ្ជូនមកវះ កាត់ក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ និងព្យាបាលជូនអ្នកជំងឺ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-45-53-1024x684.jpg)
លោកសាស្រ្តាចារ្យក៏បានរម្លឹកផងដែរថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញធ្លាប់ បានសហការជាមួយសមាគម មូលនិធិក្រុមគ្រូពេទ្យ TYDA កាលពីឆ្នាំ២០២០ ក្នុងការនាំអ្នកជំងឺពីខាងមូលនិធិ មកធ្វើការវះកាត់ ទាក់ទងនឹងបញ្ហាបេះដូង ហើយសម្រាប់ ការវះកាត់ គឺទទួលបានលទ្ធផល ល្អដែលមានការទទួលស្គាល់ និងកោតសរសើរ ពីសំណាក់ប្រជាជនកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-45-57-1024x684.jpg)
លោកនាយកមន្ទីរពេទ្យបន្ថែមថា «សម្រាប់ការចុះអនុស្សរណៈ នៃការវះកាត់លើកនេះ គឺយើងមិនបានផ្ដោត តែលើការវះកាត់បេះដូង តែមួយមុខនោះទេ គឺយើងផ្ដោត លើការវះកាត់ជំងឺទូទៅ រួមមាន ឆ្អឹងខ្នង ក្បាលជង្គង់ ហើយក៏មានពាក់ព័ន្ធ នឹងថង់ទឹកប្រម៉ាត់ផងដែរ» ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-46-01-1024x684.jpg)
លោកនាយកមន្ទីរពេទ្យ បានអះអាងថា តាមរយៈការចុះអនុស្សរណៈនេះ សមាគមមូលនិធិក្រុមគ្រូពេទ្យ TYDA នឹងធ្វើការជ្រើសរើសឈ្មោះអ្នកជំងឺដែល ត្រូវបញ្ជូនមកធ្វើការវះកាត់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្រោយពីធ្វើការវះកាត់រួច មន្ទីរពេទ្យនឹងរាយការណ៍ ទៅខាងសមាគមវិញអំពីលទ្ធផល និងការវិវឌ្ឍ នៃជំងឺរបស់អ្នកជំងឺទាំងអស់នោះ។ លោកសាស្ត្រាចារ្យ Attapoom Susupaus បន្តថា ការរួមសហការគ្នា រវាងសមាគមមូល និធិក្រុមគ្រូពេទ្យ TYDA និងមន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ គឺជាកិច្ចសហប្រតិបត្តិការ ដ៏ល្អ ដែលអាចរួមចំណែកគ្នា ដើម្បីផ្ដល់សេវាព្យាបាល ឲ្យល្អប្រសើរដល់ប្រជាជនកម្ពុជា ។ ចំពោះអ្នកជំងឺដែលសមាគម មូលនិធិក្រុមគ្រូពេទ្យ TYDA បានបញ្ជូនមកកាន់មន្ទីរពេទ្យ រ៉ូយាល់ភ្នំពេញ គឺមិនមានការបង់ថ្លៃព្យាបាល នោះទេ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-46-04-1024x684.jpg)
លោកសាស្រ្តាចារ្យសង្កត់ធ្ងន់ថា សម្រាប់កិច្ចសហប្រតិបត្តិការនេះ គឺខាងមន្ទីរពេទ្យនឹងធ្វើជាបន្ដបន្ទាប់ ដោយ សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់ផល ប្រយោជន៍ដល់ប្រជាជនកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-46-08-1024x684.jpg)
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាន់ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) មានប្រសាសន៍ថា ការចុះអនុស្សរណៈនេះ មានផលប្រយោជន៍សំខាន់សម្រាប់ប្រជាជនកម្ពុជា ក្នុងការព្យាបាល និងវះកាត់ឥតគិតថ្លៃ ដោយអ្នកជំងឺទទួល បានការពិនិត្យ ពីក្រុមគ្រូពេទ្យ TYDA ហើយនឹងបញ្ជូនអ្នកជំងឺ មកទទួលសេវា នៅមន្ទីរពេទ្យរ៉ូយ៉ាល់នេះដោយឥតគិតថ្លៃ ។ តាមរយៈការចុះអនុស្សរណៈនេះ អ្នកជំងឺធ្ងន់ធ្ងរអាច បញ្ជូន មកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ហើយធ្វើឲ្យក្រុមគ្រូពេទ្យ TYDA អាចពង្រីកវិសាលភាព នៃការព្យាបាល ជំងឺបន្ថែមទៀត ។លោកវេជ្ជបណ្ឌិតលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិតិព្រឹទ្ធបណ្ឌិត តែងតែគិតគូរសុខទុក្ខ ចំពោះសុខភាព និងការរស់នៅ របស់ប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយ ស្រួលនៅក្នុងការព្យាបាល ជំងឺជូនពលរដ្ឋដល់ទីកន្លែង ។ ជាក់ស្ដែងតាមរយៈការយកចិត្តទុក្ខដាក់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឲ្យក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តរបស់សមាគម ចុះព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-46-12-1024x684.jpg)
លោកវេជ្ជបណ្ឌិតចាត់ថា ទុកការចុះអនុស្សរណៈនេះមានសារសំខាន់ ព្រោះរាល់ពេលក្រុមគ្រូពេទ្យ TYDA ចុះទៅព្យាបាល នៅពេលមានករណីធ្ងន់ធ្ងរ តែងតែបញ្ជូនមកភ្នំពេញ ដោយមានដៃគូ សហការជាច្រើនពី មន្ទីរពេទ្យរដ្ឋ ដែលអាចបញ្ជូន អ្នកជំងឺទៅ ។ ទន្ទឹមនេះ ក្រុមគ្រូពេទ្យ TYDA អាចពង្រីកវិសាលភាព ដោយអាចបញ្ជូនអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ ទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញតាមរយៈការចុះអនុស្សរណៈនេះ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-46-16-1024x684.jpg)
សូមជម្រាបជូនថា ការចុះអនុស្សរណៈយោគ យល់គ្នា រវាង មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្ដេចតេជោ (TYDA) នេះ ដោយមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ផ្ដល់ការវះកាត់ដោយឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជា និងអ្នកជំងឺដែលត្រូវធ្វើវះកាត់ ដូចជាការវះកាត់បិតប្រើសបេះដូងថតខាងក្រោម(Closure ASD, valve surgery) ការថតឆ្លុះសរសៃឈាមបេះ និងដាក់ស្តែន(CAG+ PCI ) វះកាត់ទ្រនាប់ឆ្អឹង (ឌឹស) ដោយការចោះ (Microdissectomy) ការវះការសរសៃពួរ ផ្នែកខាងមុខ(ACL Reconstruction) ការវះកាត់ដើម្បីភ្ជាប់ សរសៃឈាម និងសរសៃវ៉ែន(AVF) និងការវះកាត់ថង់ទឹកប្រមាត់ដោយការចោះ(Lap cholecystectomy)៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-46-19-1024x684.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-46-24-1024x685.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_11-46-29-1024x684.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)