ស្វាយរៀង ៖ លោកឃុន រតនា អភិបាលរងក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៤ បានអញ្ជើញប្រគល់បណ្ណ័សរសើរ ដល់សិស្សជាប់និទ្ទេស Aចំនួន ៤០៨ នាក់ចាប់ពីថ្នាក់ទី ១ដល់ថ្នាក់ទី ៦ នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ពិធីប្រគល់បណ្ណ័សរសើរនេះ មានការចូលរួមពីលោកស្រីទុំ ទីណា នាយិកាសាលាបឋមសិក្សាព្រះសីហនុ លោកស្រីគង់ បូទុម គណៈកម្មការសាលា និងលោក លោកស្រី គណៈកម្មការទ្រទ្រង់សាលា ព្រមទាំងអាណាព្យាបាល សិស្ស និងសិស្សានុសិស្សជាង១០០០នាក់ផងដែរ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_13-58-56-1024x768.jpg)
ក្នុងឱកាសនោះ លោកឃុន រតនា បានថ្លែងថា ក្នុងនាមលោកអភិបាលក្រុងស្វាយរៀង សូមធ្វើការកោតសរសើរ ដល់គណៈគ្រប់គ្រងសាលាបឋមសិក្សា ព្រះសីហនុ បានរៀបចំកម្មវិធីប្រគល់បណ្ណ័សរសើរ ដល់សិស្សា នុសិស្សដែលជាប់និទ្ទេសល្អ ដែលទាំងនេះបានឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ លើវិស័យអប់រំ និងជំរុញដល់ការសិក្សាសិស្ស ឲ្យកាន់តែមានភាពទូលំទូលាយ និងបានចូលរួមសហការយ៉ាងស្អិតរមួត ពីអាណាព្យាបាលសិស្សផងដែរ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_13-58-59-1024x768.jpg)
លោកឃុន រតនា បានបន្តថា សាលាបឋមសិក្សាព្រះសីហនុស្ថិតនៅកណ្ដាលក្រុងស្វាយរៀង គឺជាសាលាគំរូមួយ សាលាស្តង់ដា សាលាស្អាត ទាំងបរិស្ថានល្អ អនាម័យ ប្រចាំខេត្ត ហើយឆ្នាំនេះសាលាបឋមសិក្សាព្រះសីហនុក៏បានចូលរួមប្រកួតប្រជែងជាសាលាស្តង់ដាគំរូ ដោយបានដាក់ពាក្យ ទទួលបានការវាយតម្លៃរួចរាល់ហើយដែរ។
លោកឃុន រតនា បានបញ្ជាក់ថា នៅឆ្នាំសិក្សា២០២៤,២០២៥ នេះសាលាបឋមសិក្សាព្រះសីហនុនិងមានកម្មវិធីសិក្សា២ពេល គឺពេលព្រឹកនិងពេលរសៀល គឺពេលរសៀលចាប់ពីម៉ោង២ រសៀលដល់៤និង៣០នាទីល្ងាច ហើយការបង្រៀនបន្ថែមនេះ មិនមែនជាការ គៀបសង្កត់ ឱ្យកូនសិស្សត្រូវតែមករៀនទេ បើកូនសិស្សណាមានពេលទំនេរអាចមករៀនបាន គឺជាកម្មវិធីបង្រៀនបំប៉នមាន៣មុខវិជ្ជា រួមមានភាសាខ្មែរ គណិតវិទ្យា និងកុំព្យូទ័រ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-20_13-59-03-1024x485.jpg)
លោកបន្តថា ម៉ោងពេលរសៀលនេះ ក៏សូមស្នើដល់អាណាព្យាបាលចូលរួមគាំទ្របដិភាគដល់សាលា ដើម្បីគាំទ្រដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនបំប៉នបន្ថែមដល់សិស្សានុសិស្ស ហើយចំពោះការបដិភាគនេះ គឺមានការប្រជុំ រវាងអាណាព្យាបាលសិស្ស ជាមួយនឹងគណៈគ្រប់គ្រងសាលាផងដែរ ដើម្បីទទួលយកបានទាំងអស់គ្នា។
ជាមួយគ្នានេះ លោកឃុន រតនា គូសបញ្ជាក់ថា សាលារៀនពឹងអាណាព្យាបាលសិស្ស ដើម្បីនាំកូនមករៀន ចំណែកអាណាព្យាបាលសិស្សពឹងសាលារៀន ដើម្បីឱ្យកូនបានសិក្សា នូវទទួលចំណេះដឹង ទៅអនាគត សម្រាប់បុព្វហេតុអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូល។ ដូចនេះសាលារៀនចាំបាច់ត្រូវសហការជិតស្និត ជាមួយអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធដ៏ទៃទៀតក្នុងសហគមន៍របស់ខ្លួនផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)