ព័ត៌មានជាតិ

បុណ្យអុំទូក និងបណ្ដែតប្រទីប​ ថ្នាក់ខេត្តឆ្នាំ២០២៤ ! ​អភិបាល​ខេត្ត​បាត់ដំបង ​ណែនាំឱ្យរៀបចំកន្ទោង ឬប្រទីបធ្វើពីដើមចេក ជំនួសឱ្យប្លាស្ទិក ដើម្បីថែរក្សាអនាម័យបរិស្ថាន

បាត់ដំបង ៖ លោក​ សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំ​ដល់​មន្ទីរ​ អង្គភាព​ សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលរៀបចំកន្ទោង ប្រទីបធ្វើអំពីជ័រ ឬស្នោរក្នុងរយៈពេលកន្លងមក ត្រូវជំនួសមកវិញ ដោយការរៀបចំពីដើមចេក ស្លឹកចេក ស្លឹកត្នោត ឬប្រភេទស្លឹក ឈើធម្មជាតិផ្សេងៗ ដេីម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន​ ខណៈឆ្នាំនេះនឹងមានប្រទីប ចូលរួមបណ្ដែតច្រើនជាងឆ្នាំមុន ។

ប្រសាសន៍​ណែនាំ​ របស់​លោក​ សុខ​ លូ​ បានធ្វេីឡេីងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២៤ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកអភិបាលខេត្ត​បានគូសបញ្ជាក់ថា​ “ឆ្នាំនេះគឺយេីងស្នេីឱ្យបងប្អូនប្រជាពលរដ្ឋ​ មន្រ្តីរាជការទាំងអស់​ គឺសូមឱ្យប្រេីប្រទីបអំពីដេីមចេក​ ពីអ្វីផ្សេងៗ​ កុំឱ្យប្រេីស្នោឬប្លាស្ទិក។ ទោះបីយេីងដឹងថាការណែនាំបែបនេះមិនបាន១០០ភាគរយក៏ដោយក៏ប៉ុន្តែគឺយេីងចាប់ផ្ដេីមពីយេីងទាំងអស់គ្នា។ យេីងដឹងហេីយថាការការពារបរិស្ថានគឺជារឿងសំខាន់ណាស់​”។

សូមរំលឹកថា​ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿង ជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបងក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។

ក្នុងពិធីបុណ្យអុំទូកនេះ មានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និងនៅពេលរាត្រី ក៏មានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម ។ ជាមួយគ្នានេះក្នុងពេលរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក៏មានការដង្ហែប្រទីប យកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែលបានផ្តល់ដីដ៏មានជីវជាតិល្អផូរផង់បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ។

រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមកម្សាន្ត សប្បាយរីករាយឱ្យបានច្រើនកុះករ ៕

To Top