វៀងច័ន្ទន៍៖ មន្ត្រីមកពីរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។
លោក Ardsaphangthong Siphandone អភិបាលក្រុងវៀងចន្ទន៍ បានថ្លែងថា “យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់រាជធានី និងទីក្រុងអាស៊ាន ដើម្បីជំរុញការបង្កើតថ្មី និងប្រមូលធនធានក្នុងការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ស្របតាមរបៀបវារៈឆ្នាំ២០៣០ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគោលដៅពិភពលោកនៃរបៀបវារៈទីក្រុងថ្មី” នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវេទិការាជធានីអាស៊ាន និងអភិបាលក្រុងអាស៊ាន។
លទ្ធផលសំខាន់នៃវេទិកានេះ គឺការអនុម័តសេចក្តីប្រកាសទីក្រុងវៀងចន្ទន៍ ដែលជាឯកសារដែលបង្ហាញផ្លូវសម្រាប់រាជធានីអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ទីក្រុង។
សេចក្តីប្រកាសនេះ បានអំពាវនាវឱ្យមានការពង្រឹងការតភ្ជាប់ក្នុងតំបន់ដោយការពង្រឹងបណ្តាញដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ការពង្រឹងប្រព័ន្ធទាំងនេះមានសារៈសំខាន់ សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច ជំរុញការផ្លាស់ប្តូរវប្បធម៌ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមទីក្រុងអាស៊ាន។
សេចក្តីប្រកាសក៏បានគូសបញ្ជាក់អំពីតម្រូវការក្នុងការដោះស្រាយភាពធន់នឹងអាកាសធាតុផងដែរ។ ជាមួយនឹងនគរូបនីយកម្ម និងបម្រែបម្រួលអាកាសធាតុ បង្កើនហានិភ័យដល់ទីក្រុង មន្ត្រីបានយល់ព្រមផ្តល់អាទិភាពដល់ការរៀបចំផែនការទីក្រុងប្រកបដោយនិរន្តរភាព និងវិធានការការពារបរិស្ថាន៕
ប្រែសម្រួល ឈូក បូរ៉ា