ព័ត៌មានជាតិ

សហជីពនៅកម្ពុជា ប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះការដកខ្លួនចេញ ពីតំបន់អភិវឌ្ឍន៍CLV-DTA

ភ្នំពេញ ៖ សហជីពធំៗ ដែលជាអ្នកតំណាង កម្មករនិយោជិតនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការ សម្រេចចិត្តដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម(CLV) ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានចូលរួមអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខ រាជរដ្ឋាភិបាល ដោយសារកន្លងមកក្រុមជ្រុលនិយមមួយចំនួនបានយកករណី CLV ធ្វើជាលេសក្នុងការប៉ុនប៉ង ផ្ដួលរំលំ រាជរដ្ឋាភិបាល និងមានបំណងបង្កចលាចលនៅក្នុងសង្គម។

លោកបន្តថា ក្រុមជ្រុលនិយមទាំងនោះ ថែមទាំងបានញុះញង់ឱ្យពលរដ្ឋ និងពលករ នៅក្រៅប្រទេសប្រឆាំង នឹងរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់ហេតុផល CLV ប៉ុន្ដែពេលនេះពួកគេបានខកចិត្តវិញ ដោយសារការសម្រេច ចិត្តដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
មេសហជីពរូបនេះបញ្ជាក់ថា ៖ «ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំសហជីព ខ្ញុំក៏ដូចជាកម្មករនិយោជិតដែរ គឺសូមប្រកាសគាំទ្រ ចំពោះការសម្រេចចិត្ត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រោះកម្ពុជាមិនបានខាតបង់អ្វីនោះទេ។ ម្យ៉ាងទៀត យើងនៅតែបន្តកសាងហេដ្ឋារចនា ព្រំដែនរបស់យើងដដែល» ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា កន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរធ្វើឱ្យប្រជាជនមួយចំនួនមានការភាន់ច្រឡំ។
លើសពីនេះលោកថា ពួកគេបានធ្វើការចោទប្រាជរដ្ឋាភិបាលថាបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសហើយចុងក្រោយនេះក៏បានប្រើរឿងនេះដើម្បីញុះញង់ និងបំផុសបំផុលប្រជាជនឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។

លោកនិយាយថា៖«ក្នុងនាមខ្ញុំជាមេដឹកនាំសហជីព សូមគាំទ្រទាំងស្រុងនូវការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ ព្រោះការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ពិតជាបានពិចារណាយ៉ាងច្បាស់លាស់ និងប្រកាន់ជំហរសសាមគ្គីភាព បូរណភាពទឹកដីរបស់យើង»។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕

To Top