ព័ត៌មានជាតិ

ប្រជាពលរដ្ឋ និងសិស្សនិស្សិត ប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះការដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការCLV

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងសិស្សនិស្សិត បានប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដកខ្លួន ចេញពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) ។

និស្សិត ហុង មល្លិកា បានប្រកាសថា កញ្ញាគោរពនឹងស្រលាញ់សម្តេចទាំងទ្វេអស់ពីបេះដូង ដើម្បីដឹកនាំ ប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន និងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ ដោយសារសម្តេចទាំងទ្វេ បានស្វែងរកនិងការពារសន្តិភាពរហូតមក ។

កញ្ញាបញ្ជាក់ពីជំជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតីដែលជាអ្នកបន្តវេនពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ និងឆន្ទៈដ៏អង់អាចមោះមុតបានធ្វើឱ្យប្រទេសជាតិរស់នៅក្រោមម្លប់នៃសន្តិភាព និងមានការអភិវឌ្ឍឥតឈប់ឈរ។

កញ្ញាបញ្ជាក់ថា៖«ខ្ញុំពិតជឿជាក់យ៉ាងមោះមុតលើសម្តេចពុក និងសម្តេចធិបតីក្នុងការពារសន្តិភាព ការដឹកនាំដ៏រុងរឿងសម្រាប់ប្រទេសជាតិ។ ក្នុងនាមនាងខ្ញុំជានិស្សិតមួយរូប នាងខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលមានថ្នាក់ដឹកនាំកំពូលដែលពោរពេញទៅដោយសមត្ថភាព និងយុទ្ធសាស្រ្តដ៏អស្ចារ្យបំផុត»។

អ្នកស្រី ឈិន ចំរើន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញបាននិយាយថា ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ហើយយកចិត្តទុកដាក់ លើប្រជាពលរដ្ឋជាកត្តាសំខាន់។ សម្ដេចតេជោ និងសម្ដេចធិបតី មិនចង់ឃើញកូនចៅមានការមិនសប្បាយចិត្ត និងខ្វល់ខ្វាយនោះទេ ទើបសម្រេចចិត្តបញ្ឈប់កិច្ចសហប្រតិបត្តិការ CLV ។

អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំនឹងចាំមើលថា ក្រុមអស់លោកអ្នកប្រឆាំងញុះញង់មួយចំនួននោះ នឹងមានប្រធានបទអ្វីបន្តទៀតសម្រាប់ធ្វើជាលេស ដើម្បីចោទប្រកាន់លើរដ្ឋាភិបាលទៀត។ ខ្ញុំនៅតែចាំមើលក្រុមជ្រុលនិយម នឹងចេញលេសអ្វីមកថ្មីទៀតក្នុងការវាយប្រហារមកលើរាជរដ្ឋាភិបាល»៕

To Top