ភ្នំពេញ ៖ សហភាពសហជីព រក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) តំណាងឱ្យសហព័ន្ធសហជីព សមាគម និងសមាជិក សមាជិកាជាង៤ម៉ឺននាក់ នៅក្នុងវិស័យកម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្ត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដកកម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បីដកអាវុធ ឬងងើកភ្លើងចេញពីដៃ ក្រុមជ្រុលនិយម ដែលប៉ុនប៉ងយកបញ្ហានេះ បង្កជាចលាចលក្នុងសង្គម ។
តាមរយៈញត្តិគាំទ្រលោកហង្ស រ៉ាវី ប្រធាន CWPUC បានលើកឡើងថា ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា CLV-DTA ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ មកហើយនិងក៏បានកសាង សមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមូលបង្កាច់ និងវាយប្រហាចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជន ដែលធ្វើឲ្យប្រជាជន មួយចំនួនមានការភាន់ច្រឡំ ដូចជាការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដី នៃខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្ក អស្ថិរភាពដល់សង្គមជាតិ ។
ប្រភពដដែលបន្តថា រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
ដោយគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយបានសម្រេចចិត្តថាកម្ពុជាបញ្ចប់ការចូលរួម CLV-DTA ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
ក្នុងន័យនេះ CWPUC បានប្រកាសគាំទ្រយ៉ាងពេញទំហឹងថា ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA ដើម្បីដកអាវុធ ឬង ងើកភ្លើងចេញពីដៃក្រុមជ្រុលនិយម ដែលប៉ុនប៉ងយកបញ្ហានេះបង្ករជាចលាចលក្នុងសង្គម៕