ភ្នំពេញ៖ នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលោកស្រី ឱម សារី ប្រាជ្ញចន្ទ បានអញ្ជើញដឹកនាំមន្រ្តីរាជការគ.ជ.ប ចូលរួមក្នុងពិធីរាប់បាត្រកាន់បិណ្ឌវេនទី៤ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តច័ន្ទបុរីវង្ស ហៅវត្តសំរោងខាងជើង ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
លោក ប្រធាន និងលោកស្រី បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះចៅអធិការ និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។
ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។
ជារៀងរាល់ឆ្នាំនៅ ពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។
សូមជម្រាបថា នារសៀលនេះ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត បានសម្តែងនូវធម្មទេសនា សមាទានសីល ផ្តលនូវពុទ្ធឱវាទជូលប្រជាពុទ្ធស័ទបានត្រង់ត្រាប់ស្តាប់ យកទៅពិចារណា ។ ដោយឡែកព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវនិងវេនបិណ្ឌទី៤ និងមានប្រារព្ធនូវបទនមស្ការ សមាទានសីល រាបបាត្រដល់ព្រះសង្ឃចំនួន១៥៦អង្គ និងវេរភត្តាហារជាកិច្ចឆ្លងបិណ្ឌ៕