ភ្នំពេញ៖ សាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីនេះដោយសហការជាមួយសមាគមគីវានីសកម្ពុជា-តៃវ៉ាន់ សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារសិក្សា ចំនួន២៦៣កញ្ចប់ សម្រាប់កុមារា-កុមារីសិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់មួយចំនួនជូនលោកគ្រូ-អ្នកគ្រូ នៅសាលាបឋមសិក្សា គោកមន ស្ថិតក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
នេះជាលើកទី៥ហើយ ដែលកម្មវិធី «បណ្ណាល័យខ្ញុំ» បានជួយឧបត្ថម្ភដល់សិស្សក្នុងតំបន់ដាច់ស្រយាលខ្វះខាត ឲ្យពួកគេមានសម្ភារៈសិក្សាបន្ថែម និងលទ្ធភាពក្នុងការអានសិក្សាស្រាវជ្រាវបង្កើនចំណេះដឹង។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យបណ្ឌិត បញ្ជាក់ថា កម្មវិធីសប្បុរសធ៌មនេះ បង្កើតឡើងក្នុងបំណង ដើម្បីលើកទឹកចិត្តសិស្សឱ្យមានចំណង់រៀនសូត្របន្ថែម ការចុះសួរសុខទុក្ខក្នុងដំណើរការអប់រំនៅកម្រិតបឋមសិក្សាផងដែរ។ លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច បានមានប្រសាសន៍ថា អំណោយទាំងនេះ បានមកពីការចូលរួមរបស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្ដ្រនិងបច្ចេកវិទ្យា, សមាគមគីវ៉ានីស៍ និងសប្បុរសជននានារួមគ្នា ជួយដល់វិស័យអបរំនៅកម្ពុជា តាមរយៈការចែករំលែកពីអ្នកមានលទ្ធភាពជួយដល់អ្នកទន់ខ្សោយខ្វះខាត ដើម្បីចូលរួមជួយដល់មនុស្សក្នុងសង្គមបានរីកចំរើនទៅ ព្រមៗគ្នាក្នុងបំណងរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យបានរីកចម្រើន។
ទន្ទឹមនឹងនេះ លោកសាស្ដ្រាចារ្យបណ្ឌិត ក៏បានណែនាំឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ពីថ្នាក់បឋម រហូតដល់វិទ្យាល័យ កុំបោះបង់ការសិក្សា ត្រូវព្យាយាមតស៊ូរៀនឲ្យបានចប់ថ្នាក់ឧត្តមសិក្សា ដោយយកការអានជាមូលដ្ឋានគ្រឹះក្នុងការសិក្សា ដូចសុភាសិត១ឃ្លាបានពោលថា អានច្រើន កើនបញ្ញា។ លើសពីនេះ Prof. Dr. Kao Jui-Chung, ព្រឹទ្ធបុរស National Kaohsiung University of Science and Technology ក៏បានលើកឡើងនិងបញ្ជាក់បន្ថែមដល់សប្បុរសជននានាមកពីតៃវ៉ាន់ ដើម្បីស្វែងយល់អំពីស្ថានភាព និងសកម្មភាពសប្បុរសធម៌របស់សមាគម និងសកម្មភាពគម្រោងនានាដែលបានធ្វើកន្លងមក។
លោកស្រីនាយកបឋមសិក្សាគោកមន បានថ្លែងអំណរគុណដល់ម្ចាស់អំណោយ និងបានចាត់ទុកថា ជំនួយឧបត្ថម្ភនាពេលនេះជាការជួយសម្រួលការលំបាកខ្វះខាត ដល់សិស្សានុសិស្សឱ្យកាន់តែស្រលាញ់ការសិក្សារៀនសូត្រ។ ជាមួយគ្នានោះ លោកស្រីក៏បានរំលឹកឡើងពីអគារសិក្សានិងសម្ភារៈដែលត្រូវការបន្ថែមសម្រាប់ជំរុញដល់ការបណ្តុះបណ្តាលតទៅខាងមុខទៀត។ លើសពីនេះ គណៈប្រតិភូក៏បានចាប់អារម្មណ៍ និងថតរូបបរិវេណសាលា ដើម្បីយកទៅសិក្សាស្វែងរកជំនួយបន្ថែមនាពេលក្រោយផងដែរ។
គួរបញ្ជាក់ថា សម្រាប់សិស្សានុសិស្ស ២៦៣នាក់ ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ២ក្បាល, ប៊ិច២ ដើម, ខ្មៅដៃ និងជ័រលុប ១ និងថវិកាមួយចំនួនដល់លោកគ្រូ-អ្នកគ្រូចំនួន៩នាក់។ លើសពីនេះ ក្រុមការងារសប្បុរសធម៌ ក៏បានទស្សនកិច្ចកំសាន្តនៅខេត្តសៀមរាប ជាពិសេសតំបន់ប្រាសាទអង្គរស្របពេលជាមួយនិងកម្មវិធីសមរាត្រីបានមកដល់ផងដែរ៕