ភ្នំពេញ ៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសមាគមមិត្តយើង រៀបចំកម្មវិធីកាត់សក់ បង្កក់សិរី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជូនប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានចូលរួមពីសំណាក់ លោក ឡា វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កម្មវិធីកាត់សក់បង្កក់សិរីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានការចូលរួមពីអ្នកជំនាញផ្នែកសក់ និងសាឡន ចំនួន ៥២នាក់ ដែលមានបទពិសោធន៍ ច្រើនឆ្នាំ លើវិស័យសក់ និងសម្រស់ ដើម្បីផ្តល់ជូនការកាត់សក់ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនីតាមបណ្ដារោងចក្រ សហគ្រាស ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ។
នៅក្នុងកម្មវិធីកាត់សក់បង្កក់សិរីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក៏មានកិច្ចសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) និងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ក្នុងការផ្តល់ព័ត៌មានទីផ្សារការងារ និងសេវា ប.ស.ស. ជូនប្រជាពលរដ្ឋ សាធារណជន។
គួរបញ្ជាក់ថា នេះជាលើកទី១១ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង ក្នុងការផ្តល់ជូនការកាត់សក់ ឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ។ កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយ របស់សមាគមមិត្តយើង ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង អំពីជំនាញសក់ និងសម្រស់សម្រាប់អ្នកដែលកំពុងស្វែងរកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយ លើកកម្ពស់ជីវភាពរស់នៅ ។ សមាគមមិត្តយើង គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីស្របច្បាប់ក្នុងឆ្នាំ ២០២១ ដោយមាន ចក្ខុវិស័យ ក្នុងការផ្តល់ឱកាសការងារ លើកកម្ពស់ និង ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ។ បេសកកម្ម របស់សមាគមមិត្តយើង គឺដើម្បីពង្រឹង មិត្តភាព សាមគ្គីភាព បង្កើតបណ្តាញគាំទ្រ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយគ្នាក្នុងចំណោម អ្នកជំនាញដែលធ្វើការក្រៅប្រព័ន្ធ អ្នកជំនាញបច្ចេកទេស អ្នកផ្តល់សេវា និងអាជីវកម្មទាំងជាតិ និងអន្តរជាតិ ៕